ព័ត៌មានជាតិ

រថយន្តកុងតឺន័ររបស់ក្រុមហ៊ុនផែស្ងួត តេង ឡាយ បត់ស្ដាំមិនមើលមុខក្រោយ កៀរម៉ូតូសណ្ដោងរ៉ឺម៉កដឹកទឹកសុទ្ធក្រឡាប់បះជើង

ភ្នំពេញៈ រថយន្តដឹកកុងតឺន័រ ១គ្រឿងខណៈកំពុងបើកបរក្នុងទិសដៅស្របគ្នា ជាមួយម៉ូតូសណ្ដោងរ៉ឺម៉កដឹកទឹកសុទ្ធ ១គ្រឿងសុខៗ ក៏បានបត់ស្ដាំដៃ បណ្ដាលឲ្យជ្រុលទៅកៀរម៉ូតូសណ្ដោងរ៉ឺម៉កដឹកទឹកសុទ្ធក្រឡាប់បះជើង ប៉ុន្តែជាសំណាងល្អមិនបានបណ្ដាលឲ្យអ្នកបើករ៉ឺម៉កនោះស្លាប់ ដោយគ្រាន់តែរងរបួសធ្ងន់ធ្ងរឡើយ។ ឧប្បត្តិហេតុនោះបានកើតឡើងកាលពីវេលាម៉ោង ២រសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ នៅតាមមហាវិថីឈ្នះឈ្នះ ត្រង់ចំណុចភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក NISSAN DIESEL ពណ៌បៃតង ពាក់ផ្លាកលេខ ភ្នំពេញ 3B-5461 បើកបរដោយបុរសមិនស្គាល់ឈ្មោះម្នាក់ ជារថយន្តរបស់ក្រុមហ៊ុនផែស្ងួត តេង ឡាយ ចំណែកម៉ូតូសណ្ដោងកន្ទុយរ៉ឺម៉កដឹកទឹកសុទ្ធម៉ាក ស៊ីទីសេ១០០ កូរ៉េ ពណ៌ក្រហម បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណដូចគ្នា។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តបង្កហេតុ និងម៉ូតូសណ្ដោងរ៉ឺម៉កដឹកទឹកសុទ្ធ បានបើកបរធ្វើដំណើរក្នុងទិសដៅស្របគ្នា ពីជើងទៅត្បូង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុរថយន្ត បានបត់ស្ដាំដៃអត់មើលមុខមើលក្រោយ ទើបកៀរម៉ូតូសណ្ដោងកន្ទុយរ៉ឺម៉កដឹកទឹកសុទ្ធទាំងកម្រោល បណ្ដាឲ្យក្រឡាប់រងរបួសអ្នកបើកបរ។

ក្រោយពេលកើតហេតុប៉ូលិសប៉ុស្តិ៍សំរោងក្រោម បានចុះទៅពិនិត្យជាក់ស្ដែង និងឲ្យអ្នកបើកបររថយន្តបង្កហេតុ បានធ្វើការសម្របសម្រួកគ្នាជាមួយជនរងគ្រោះ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែង ប៉ុន្តែអត់ទាន់ដឹងថា ត្រូវរ៉ូវគ្នាបែបណាឡើយ៕

មតិយោបល់