ព័ត៌មានជាតិ

ក្រសួងអប់រំប្តូរពេលវេលារៀន ដោយសារអាកាសធាតុក្តៅខ្លាំងពេក

ភ្នំពេញ : ដោយសារស្ថានភាពនៅក្នុងប្រទសកម្ពុជាឡើងកម្ដៅខ្លាំងៗ ក្នុងរដូវប្រាំងនាពេលកន្លងមកថ្មីៗនេះ អាចអូសបន្លាយ ពេលវេលាបន្ត ទៀត ក្នុងឆ្នាំ២០១៦ ដែលនៅតំបន់ខ្លះពេល ថ្ងៃកម្តៅឡើងរហូតដល់៤២ឬ៤៣អង្សាសេ។

ដើម្បីបង្ការទប់ស្កាត់ហានិភ័យ និងចៀសវាងជំងឺផ្សេងៗ ចំពោះសិស្សានុសិស្ស ដែលបណ្ដាលមកពីការឡើងកម្ដៅ ខ្យល់កន្ត្រាក់ ខ្យល់ព្យុះ និងសម្រួលដល់ពេលវេលារៀនសូត្រប្រចាំថ្ងៃរបស់សិស្ស ជាពិសេស សិស្សតូចៗ ក្នុងពេលឡើងកម្ដៅ ចាប់ពីខែឧសភា រហូតដល់ផុតរយៈពេលក្ដៅខ្លាំងក្នុងឆ្នាំ២០១៦ ក្រសួងអប់រំ យុវជន និងកីឡា ធ្វើការណែនាំឲ្យអនុវត្តដល់គ្រប់គ្រឹះស្ថាន សិក្សាសាធារណៈ ដូចខាងក្រោម ៖

ពេលព្រឹកចូលរៀននៅម៉ោង ៧:០០ ដល់ ១០:៣០ និងពេលរសៀល ១៣:៣០ ដល់ ១៧:០០ គ្រប់សាលាត្រូវត្រៀមទឹកសម្រាប់គ្រូ សិស្សប្រើប្រាស់ និងណែនាំឱ្យសិស្សយកទឹកឆ្អិនមកផឹក, ក្នុងមួយម៉ោងសិក្សាលោកគ្រូ អ្នកគ្រូ ត្រូវឱ្យសិស្សឈប់សម្រាក ឬ ចេញលេង រយៈពេល១៥នាទី ពេលរៀនត្រូវបើកទ្វារ បង្អួចបន្ទប់រៀនឱ្យស្រឡះល្អ និងពេលចេញលេងឱ្យសិស្សលេងក្នុងម្លប់។

លើសពីនេះលោកស្នើឱ្យធ្វើរបាយការណ៍បូកសរុបប្រចាំខែ ពីស្ថានភាពសិក្សា ក្នុងរយៈពេលឡើងកម្ដៅ និងរបាយការណ៍ ពិសេសក្នុងករណីមានប្រធានសក្តិ រួចផ្ញើជូនតាមឋានានុក្រមដើម្បីស្នើសុំអន្តរាគមន៍ ក្នុងករណីមានរលកកម្ដៅលើសប្រក្រតី ត្រូវទាក់ទងការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុក ខណ្ឌ និងមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ដើម្បីសុំគោលការណ៍ និងវិធានការដោះស្រាយ។

ទាក់ទិននិងបញ្ហាប្តូរពេលវេលារបស់ក្រសួងអប់រំខាងលើនេះ មានការសារទរពី មាតា បិតា និងអាណាព្យាបាលសិស្ស ព្រោះថា ជាទូទៅគេសង្កេតឃើញនៅតាមសាលារៀន ក្នុងរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្តមួយចំនួន មានទីតាំងនៅកណ្តាលវាល ពុំសូវមានដើមឈើឬម្លប់គ្រប់គ្រាន់សម្រាប់សិស្សចេញលេងទៅជ្រកនោះទេ ភាគច្រើនពួកគេនាំគ្នារត់លេងកណ្តាលថ្ងៃត្រង់តែម្តង។
បញ្ហានេះដែរ តាមការពិនិត្យពីអាណាព្យាបាលក៏បានឱ្យដឹងផងដែរថា ភាគច្រើនពុំសូវមានការយកចិត្តទុកដាក់ពីលោកគ្រូ អ្នកគ្រូប្រចាំថ្នាក់នោះទេ ពិសេសថ្នាក់ដឹកនាំសាលាមិនសូវគិតគូរពីសុខភាពកុមារនៅក្នុងរដូវក្តៅនោះឡើយ បណ្តែតបណ្តោយឱ្យមានលក់របស់របរគ្មានអនាម័យ ជាហេតុធ្វើឱ្យកុមានមានជំងឺក្អក និងរលាកបំពង់កស្ទើរគ្រប់គ្នា។

ឆ្លៀតពេលជាមួយគ្នានេះដែរ ឪពុក ម្តាយ និងអាណាព្យាបាលសិស្ស ក៏សុំស្នើឱ្យក្រសួងអប់រំ យុវជន និងកីឡា មានចំណាត់ការចុះត្រួតពិនិត្យការលក់ដូរចំណីអាហារ នៅតាមបណ្តាសាលារៀន ពិសេសសាលាបឋមសិក្សា ក្នុងរាជធានីភ្នំពេញតែម្តងគឺលក់ដូរមិនគិតពីសុខភាពកុមារគើយ។ ឧទាហរណ៍ដូចជា លក់តែជ្រក់ ១កែវ៥០០រៀល គឺគេកិនទឹកកក ច្របាច់ក្រូចឆ្មាលាយជាមួយទឹកស្ក ដួសលក់ ដូចចាក់ទឹកឆៅយកលុយ មិនគិតពីសុខភាពកុមារនោះទេ ធ្វើយ៉ាងណាឱ្យតែមានលុយដាក់ចូលហោប៉ៅខ្លួនឯង ហើយអ្នកលក់ក្នុងសាលាភាច្រើនគឺជាសាច់ញាតិលោកគ្រូ អ្នកគ្រូ និងថ្នាក់ដឹកនាំសាលាតែម្តង នៅមានសកម្មភាពលក់ដូរនំចំណីមួយចំនួនទៀតដែលគ្មានអនាម័យ បង្ករឱ្យប៉ះពាល់សុខភាពកុមារ៕

2323232 23232321

មតិយោបល់