ព័ត៌មានជាតិ

ទំនិញខូចគុណភាព ១៦០ គីឡូក្រាម ត្រូវដកហូត នៅប្រជុំជនអូរពងមាន់ និងស្រុកសេសាន

ស្ទឹងត្រែង: យោងតាមផេករបស់អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបករក្លែងបន្លំ CCF បានឲ្យដឹងថា នៅថ្ងៃទី០២ ខែឧសភាព ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី បានចុះត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារ និងដកហូត នៅប្រជុំជនអូរពងមាន ព្រមទាំងបានត្រួតពិនិត្យតាមបណ្តាផ្ទះលក់ទំនិញ ចាប់ហ៊ួយនៅឃុំក្បាលរមាស់ ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ មួយចំនួនដូចជា៖
– ទឹកក្រូចដបជ័រ ចំនួន ៣៨ ដប
– មីកំប៉ុង ចំនួន ២៣ កំប៉ុង
-មីកញ្ចប់ ចំនួន ១ កេស
– ទឹកអំពិលទុំ ចំនួន ០៩ កំប៉ុង
– ទឹកត្រី ចំនួន ១៣ដប ស្មើនឹង ៦.៥លីត្រ
– ទឹកសៀង ចំនួន ៦០ ដប
– ទឹកត្រី ចំនួន ៣៥ ដប
– ទឹកស៊ីរ៉ូ ចំនួន ០៨ដប
– កាហ្វេ ចំនួន ៧ កញ្ចប់
– ទឹកដោះគោស្រស់ ចំនួន ២២ កំប៉ុង
-ប័រ ចំនួន១១៦ ប្រអប់តូច
-ទឹកដោះគោចំនួន ៣០ ដប
សរុបទំនិញដកហូតបានចំនួន ១៦០ គីឡូក្រាម។

បន្ទាប់មក មន្ត្រីជំនាញធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញ បានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

 

មតិយោបល់