ព័ត៌មានជាតិ

បុរសម្នាក់ បើកម៉ូតូវ៉ាជែងរថយ​ន្ត ទៅបុកម៉ូតូ១គ្រឿងទៀត រងរបួសធ្ងន់២នាក់ នៅខេត្តតាកែវ

តាកែវ: នៅថ្ងៃច័ន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០៦និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបើកម៉ូតូវ៉ាជែងរថយន្ត ដោយខ្វះការប្រុងប្រយ័ត្ន ទៅបុកម៉ូតូ១គ្រឿងទៀត ក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្តាលឲ្យរបួសធ្ងន់២នាក់ ស្ថិតនៅលើផ្លូវលេខ១៣២ចន្លោះគីឡូម៉ែត្រលេខ ០២-០៣ក្នុងភូមិព្រៃឈើទាលក្រោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ។

សមត្ថកិច្ចបានឲ្យដឹងថា មានម៉ូតូមួយគ្រឿងម៉ាកហុងដា C១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខតាកែវ ១R.០៦៦១ បើកបរដោយឈ្មោះសើ ចន្ទត្រា ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិកោះញ៉ៃ ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរកម្មករ (រងរបួសធ្ងន់) មានឌុបបងស្រីម្នាក់ពីក្រោយឈ្មោះសើ ដាណេ អាយុ២៨ឆ្នាំរស់នៅភូមិ-ឃុំជាមួយគ្នា មុខរបរកម្មការិនីរោងចក្រ (គ្មានរបួស) ដែលបើកបរមកពីទិសខាងលិច លុះបើកបរមកដល់ចំណុចខាងលើ បានឡើងជែងរថយន្តរួចក៏ជ្រុលចង្កូត ទៅបុកម៉ូតូមួយគ្រឿងម៉ាក ហុងដា C១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ១G.៣៧០៣ បើកបរដោយឈ្មោះអ៊ួន ពុធ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកសិករ នៅភូមិស្មន់ព្រាម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ (រងរបួសធ្ងន់) ដែលបើកបរមកពីទិសខាងកើត ។ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ ។

មូលហេតុ៖ ករណីខាងលើ បណ្តាលមកពីបើកបរ វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ។

ក្រោយពេលកើតហេតុសមត្ថកិច្ច ក៏បានចុះទៅដល់ទីតាំងខាងលើ រួចធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ កសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

មតិយោបល់