សៀមរាបៈ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៦និង០០នាទីយប់ មានករណីបុរសម្នាក់ចងកសម្លាប់ខ្លួន ស្ថិតត្រង់ចំណុចក្រុមទី១ ភូមិតាត្រៃ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ជនរងគ្រោះឈ្មោះ ហល់ ហាន់ ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅភូមិតាត្រៃ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
មូលហេតុ៖ ជនរងគ្រោះជាមនុស្សញៀនស្រាស និងមានជំងឺសរសៃប្រសាទ បានយកខ្សែភ្លើងទៅចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹក ផ្ទះប្អូនថ្លៃរបស់គាត់ឈ្មោះ រឹម មុំ ភេទស្រី អាយុ ៤៧ឆ្នាំ ចងជាប់និងធ្នឹម ផុតពីការរ៉ូ បន្ទប់ទឹក កន្លះម៉ែត្រ បន្ទាប់មកបងប្អូនរបស់គាត់បានយកកាំបិតកាត់ខ្សែយកគាត់មកដាក់លើគ្រែខាងមុខផ្ទះ ទើបបានរាយការណ៍ប្រាប់សមត្ថកិច្ចតែម្ដង ។
តាមការបំភ្លឺរបស់កូនបង្កើតរបស់គាត់ ឈ្មោះ ហាន់ ហេន ភេទស្រី អាយុ ២៤ឆ្នាំ បានឲ្យដឹងថា កន្លងមកឪពុករបស់គាត់ ឈ្មោះ ហល់ ហាន់ ភេទប្រុស អាយុ ៥៥ឆ្នាំ ជាមនុស្សញៀនស្រាស និងមានជំងឺសរសៃប្រសាទ តែងតែអត់ដេក ហើយរត់ចូលព្រៃ ទាំងថ្ងៃទាំងយប់ ពេលនោះគាត់ និងក្រុមគ្រួសារបងប្អូន បានតាមដានមើលគាត់ជាប់ជានិច្ច ពេលខ្លះឪពុករបស់គាត់បានយកខ្សែគោ ឬកន្សែង រត់ទៅរកចងក ជាច្រើនលើក ប៉ុន្តែនៅពេលនោះពួកគាត់បានឃើញហើយបានជួយគាត់ទាន់ពេលរហូត។ ជាក់ស្ដែងនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ចាប់តាំងពីព្រឹកឪពុករបស់គាត់បានដើរចុះដើរឡើងជុំវិញផ្ទះម្ដាយមីងរបស់គាត់ឈ្មោះ រឹម មុំ ពេលនោះគាត់បាននៅមើលតាមដានឪពុករហូត លុះដល់វេលាម៉ោង ៦និង០០នាទី គាត់បានឃើញឪពុករបស់គាត់ស្លៀកខោរឹតខ្លីត្រឹមកាន់ឈើច្រត់មួយដើរចូលទៅក្នុងបន្ទប់ទឹក ដោយបានប្រាប់គាត់ថាចូលទៅងូតទឹក ចូលបានប្រហែលប្រាំនាទី គាត់និងម្ដាយមីងបានស្រែកហៅឪពុករបស់គាត់ ប៉ុន្តែមិនឮឆ្លើយ ភ្លាមនោះគាត់ក៏បានយកភ្លើងពិលទូរស័ព្ទ ឈួលមើលតាមប្រហោងឥដ្ឋខ្យល់ស្រាប់តែបានឃើញឪពុករបស់គាត់ចងកស្លាប់នៅក្នុងបន្ទប់ទឹក ចងនឹងខ្សែភ្លើង ជាប់នឹងឈើធ្នឹមបន្ទប់ទឹក ជើងផុតពីការរ៉ូកន្លះម៉ែត្រ ពេលនោះគាត់និងម្ដាយមីងបានស្រែកហៅបងប្អូនឲ្យជួយគាស់ទ្វារគាត់ខ្សែយកចេញមកក្រៅតែម្ដង។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យរួច ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់