ភ្នំពេញៈ នៅវេលាម៉ោង ៤និង ០៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវមាត់ទន្លេ សង្កាត់/ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មានករណីជនជាតិចិនចាប់ជំរិតជនជាតិចិនគ្នាឯង បណ្ដាលឲ្យជនជាតិចិនម្នាក់របួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងម្នាក់ទៀត ត្រូវសមត្ថកិច្ចឃាត់ខ្លួន។
ករណីនេះ ក៏មានការផ្ទុះអាវុធចំនួន២គ្រាប់ផងដែរ បង្កឡើងដោយជនដៃដល់ បាញ់ទៅលើភាគីម្ខាងទៀត បណ្ដាលឲ្យបែកកញ្ចក់រថយន្តស្តារិច។ បន្ទាប់មកក្រុមជនជាតិចិន បាននាំគ្នាបើករថយន្ត ព្យាយាមរត់គេចក៏ទៅបុកចិញ្ចើមផ្លូវ បណ្ដាលឱ្យខូចខាតខ្ទេច។
តាមរយៈអ្នកបកប្រែ បានឲ្យដឹងថា ជនរងគ្រោះ ត្រូវបានក្រុមជនល្មើសចាប់ជម្រិត ទារប្រាក់ជាង ៣ម៉ឺនដុល្លារ នៅចំណុចកោះពេជ្រ ដោយជនរងគ្រោះ បានវេរលុយចូលកុងឲ្យជនដៃដល់រួចហើយ តែនៅវេលាកើតហេតុ មិនដឹងយ៉ាងម៉េច ក្រុមជនដៃដល់ បានតាមមកបាញ់រូបគាត់បែបនេះ។
ករណីនេះ បានបណ្ដាលឲ្យជនដៃដល់ម្នាក់ របួសបាក់ជើង ត្រូវបានដឹកតាមរ៉ឺម៉កកង់បី ទៅមន្ទីរពេទ្យ។
យ៉ាងណាមិញ មូលហេតុពិតប្រាកដ ក្នុងហេតុការណ៍នេះ នៅពុំទាន់ដឹងច្បាស់ទេ ដោយសមត្ថកិច្ច កំពុងស្រាវជ្រាវ៕
មតិយោបល់