ព័ត៌មានជាតិ

ស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈ ០២ ទីតាំង ត្រូវបានមន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប រកឃើញមានភាពមិនប្រក្រតី

ភ្នំពេញៈ យោងតាមផេករបស់អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ នេះ មន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប ដោយមានការសហការពី អាជ្ញាធរដែនដី បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យបណ្តាស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន ០៤ ទីតាំង នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង, សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាស្ថានីយ/ដេប៉ូចែកចាយ ទាំង ០៤ ផងដែរ។

លទ្ធផលនៃការត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈ៖
-ស្ថានីយ/ដេប៉ូ ចំនួន ០២ ទីតាំង មិនមានអនុលោមភាពទាំងផ្នែកគុណភាព និងបរិមាណ។

ដោយសារនេះជាការរកឃើញលើកទី ១ មន្រ្តីជំនាញបានឱ្យម្ចាស់ស្ថានីយ/ដេប៉ូខាងលើ ធ្វើកិច្ចសន្យាកែតម្រូវភាពមិនអនុលោមខាងលើ ។ បើមន្រ្តីកាំកុងត្រូលរកឃើញកំហុសលើកទី ២ មន្រ្តីជំនាញ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

 

មតិយោបល់