ភ្នំពេញៈ រថយន្តសាំយ៉ុងដឹកផ្លែសាវម៉ាវ ១គ្រឿង បើកលឿនមិនប្រយ័ត្ន ត្រង់ចំណុចផ្លូវបំបែកជាបួន ក៏ជ្រុលទៅបុករថយន្តតាកូម៉ា ១គ្រឿងទៀត បណ្តាលឲ្យរងការខូចខាតទាំងសងខាង។
ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង ១១ និង៣០នាទីយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចស្តុបខាងមុខភីហ្សាខាំភីនី តាមបណ្តោយផ្លូវកម្ពុជាក្រោម កែងនិងផ្លូវ២៦១ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញរថយន្ត ១គ្រឿងម៉ាកតូយូតាតាកូម៉ា ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 2AX-7215 បើកបរជាលក្ខណគ្រួសារមានគ្នា ៤ទៅ៥នាក់ ធ្វើដំណើរពីជើងទៅត្បូង តាមបណ្ដោយផ្លូវ២៦១ ។
លុះមកដល់ចំណុចកើតហេតុ រថយន្តខាងលើ បានបើកឆ្លងកាត់ផ្លូវកម្ពុជាក្រោម ខណៈនោះស្រាប់តែមានរថយន្តសាំយ៉ុង ដឹកផ្លែសាវម៉ាវ១គ្រឿងទៀត ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2X-2742 បើកបរដោយបុរសម្នាក់ ក្នុងល្បឿយ៉ាងលឿន ពីលិចទៅកើត តាមបណ្តោយផ្លូវកម្ពុជាក្រោម មិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តតាកូម៉ា ចំផ្នែកខាងក្រោយចំហៀងខាងស្តាំពេញទំហឹង បណ្ដាលឲ្យរថយន្តតាកូម៉ាវិលមួយជុំបែបក្បាល ទៅស្របទិសជាមួយនិងរថយន្តសាំយ៉ុង រងការខូចខាតក្រពឹត និងបែកកង់ផ្នែកខាងក្រោយចំហៀងខាងស្តាំ ហើយបណ្តាលឲ្យនារីម្នាក់ រងរបួសស្រាល។ ចំណែកឯរថយន្តសាំយ៉ុង បានរងការខូចខាតក្រពឹតផ្នែកខាងមុខយ៉ាងដំណំ ភ្លាមៗនោះ ក៏មានសមត្ថកិច្ចមូលដ្ឋាន បានចុះមកជួយធ្វើការអន្តរាគមន៍ផងដែរ។
ក្រោយកើតហេតុភាគីទាំង២ បានធ្វើការចរចារដោះស្រាយគ្នា ដោយមិនចង់មានរឿងរ៉ាវវែង ឆ្ងាយភាគីខាងរថយន្តសាំយ៉ុង ក៏ព្រមចេញសំណងជាទឹកប្រាក់ចំនួន១២០០ដុល្លារ ឲ្យទៅភាគីខាងរថយន្តតាកូម៉ា ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕
មតិយោបល់