ព័ត៌មានជាតិ

រថយន្តបុករះម៉ូតូ ៣គ្រឿង ស្លាប់ម្នាក់និងរបួសធ្ងន់ ស្រាល ២នាក់ នៅស្រុកស្វាយចេក

បន្ទាយមានជ័យ: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា រថយន្តហាយឡិនឌ័រ១គ្រឿង បានបុករះម៉ូតូចំនួន ៣គ្រឿងជាបន្តបន្ទាប់ បណ្តាលឲ្យមនុស្សចំនួន ៣នាក់ ម្នាក់បានបាត់បង់ជីវិត និង២នាក់ទៀតរងរបួសធ្ងន់ ស្រាល ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៦និង៣៥នាទីយប់ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥៦A ត្រង់ចំណុចមុខសាលាបឋមសិក្សាកកោះ​ ស្ថិតក្នុងភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
នគរបាលបានឲ្យដឹងថា ៖ នៅមុនពេលកើតហេតុមានរថយន្ត១គ្រឿងម៉ាកហាយឡិនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2K.5821 (អ្នកបើកបរគេចខ្លួនបាត់មិនស្គាល់អត្តសញ្ញាណ) បានបើកបរពីទិសខាងជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុមុខសាលាបឋមសិក្សាកកោះ​ បានបុកម៉ូតូ ចំនួន ៣គ្រឿងជាបន្តបន្ទាប់បង្កឲ្យមានមនុស្សស្លាប់ និងរបួស ។
នគរបាលបានឲ្យដឹងទៀតថា ៖ ម៉ូតូទី១ម៉ាក Yamaha exciter ពណ៌ស ពាក់ស្លាកលេខ បន្ទាយមានជ័យ 1S.​3699 បើកបរដោយឈ្មោះ ឈាន ជាង ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិស្លក្រាម​ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ រងរបួស (ស្រាល) និងម៉ូតូខូចខាតស្រាល។ម៉ូតូទី២ម៉ាក Honda winner ពណ៌ក្រហម (គ្មានស្លាកលេខ) បើកបរដោយឈ្មោះ ហ៊ាង សិទ្ធិ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ស្លាប់នៅកន្លែងកើតហេតុ និងម៉ូតូខូចខាតធ្ងន់។ម៉ូតូទី៣ ម៉ាក Honda dream ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ឧត្តរមានជ័យ 1C.5277 បើកបរដោយឈ្មោះ អឿន សំនាង ភេទស្រី អាយុ ៣៥ឆ្នាំ រស់នៅភូមិកំណប់ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ របួសបាក់ដៃខាងឆ្វេងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកកម្ពុជាជប៉ុនស្រុកមង្គលបូរី និងម៉ូតូខូចខាតធ្ងន់ ។
នគរបាលបានបញ្ជាក់បន្ថែមថា ៖ មូលហេតុដែលបង្កឲ្យកើតមានគ្រោះថ្នាក់នេះ បណ្តាលមកពីអ្នកបើកបររថយន្តបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់។បច្ចុប្បន្នវត្ថុតាងរថយន្តត្រូវបានយកទៅថែរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយចេក និងម៉ូតូ ៣គ្រឿងត្រូវបានយកមកថែរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្លក្រាម ៕

មតិយោបល់