ព័ត៌មានជាតិ

Update៖ បុរសម្នាក់សង្ស័យមានវិបត្តិផ្លូវចិត្តរហូតគិតខ្លី លោតពីលើសណ្ឋាគារជាន់ទី៧ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត

ភ្នំពេញៈ នៅវេលាម៉ោង ១០យប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ មានករណីបុរសម្នាក់ លោតសម្លាប់ខ្លួនពីលើសណ្ឋាគារឡាក់គីស្តារ ២តាមវេរ៉ងដាជាន់ទី៧ ស្ថិតតាមបណ្ដោយផ្លូវ៣៣៦ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឮសំឡេងស្រែកឡូឡា ចេញមកពីសណ្ឋាគារកើតហេតុខាងលើតែមិនដឹងថា មានរឿងអ្វីនោះទេ? មួយស្ទុះក្រោយមកក៏ស្រាប់តែមានបុរសម្នាក់មិនស្គាល់អត្តសញ្ញាណវ័យប្រហែលជា ៣០ឆ្នាំ បានតោងឡើងទៅលើបង្កាន់ដៃវេរ៉ងដានៅជាន់ទី៧ នៃសណ្ឋាគារឡាក់គីស្តារ2។ ពេលនោះជនរងគ្រោះបានធ្វើសកម្មភាពលោតទម្លាក់ខ្លួន ចុះមកខាងក្រោមរួចក៏ធ្លាក់ទៅចំទើរលើដំបូលយ៉ាបនៅជាន់ទី២ បណ្ដាលឲ្យវាចដែកមេដំបូលនិងរហែកដំបូលសង្ក័សីមួយសន្លឹកភ្លាមៗនោះ បុរសរងគ្រោះស្រាប់តែប្រកាច់រួចក៏បានរអិលធ្លាក់ចុះតាមសង្ក័សីដំបូលយ៉ាបជាន់ទី២ កម្ពស់ប្រមាណ ១៥ម៉ែត្រពីដីជាបន្តទៀត និងបណ្ដាលឲ្យបុរសរងគ្រោះរងរបួសបែកក្បាលធ្ងន់ធ្ងរ។ បន្ទាប់ពីកើតហេតុបុគ្គលិកដែលបម្រើការនៅក្នុងសណ្ឋាគារឡាក់គីស្តារ2ខាងលើ បានទំនាក់ទំនងទៅកាន់រថយន្តសាមុយឲ្យមកដឹកយកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាលម៉ែតភ្លាមៗតែម្ដង។ ប៉ុន្តែជាអកុសល ខណៈពេលដែលបញ្ជូនទៅកាន់មន្ទីរពេទ្យបុរសរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកធ្វើការអន្តរាគមន៍និងរាយការណ៍ជូនសមត្ថកិច្ចជំនាញកោសល្យវិច័យ ឲ្យចុះមកត្រួតពិនិត្យនៅទីតាំងកន្លែងកើតហេតុបញ្ជាក់យ៉ាងខ្លីថា បុរសរងគ្រោះគឺជាភ្លៀវដែលបានចូលទៅជួលបន្ទប់លេខ៧០៩ នៅជាន់ទី៧ ដើម្បីស្នាក់នៅ ហើយបន្ទាប់មកបុរសរងគ្រោះក៏បានឡើងតាមវេរ៉ងដាធ្វើអត្តឃាតលោតសម្លាប់ខ្លួនតែម្តង ដោយមិនដឹងមូលហេតុអ្វីនោះទេ។

ករណីនេះ សពបុរសរងគ្រោះត្រូវបានតម្កល់នៅមន្ទីរពេទ្យកាល់ម៉ែត រង់ចាំស្រាវជ្រាវរកសាច់ញាតិ ឲ្យមកទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណីជាបន្តទៀត៕

មតិយោបល់