ព័ត៌មានជាតិ

ជិះម៉ូតូបុករថយន្ដឈប់ទិញបាយឆា ដួលសន្លប់ស្ដូកស្ដឹង

ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូក្នុងស្ថានភាពស្រវឹង បានបុករថយន្ដឈប់ទិញបាយឆា ដួលសន្លប់ស្ដូកស្ដឹង ដោយឃើញស្ថានភាពបែបនេះ ម្ចាស់រថយន្ដ បើកឡានដាក់មេប្រូចបាត់ស្រមោល កាលពីវេលាម៉ោង ១១និង៥០នាទីយប់ថ្ងៃទី ៣ ខែសីហា ឆ្នាំ២០១៦ មុខភូមិព្រៃព្រីងខាងត្បូងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងដឹកទំនិញពេញប្រៀបធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុ រថយន្តនេះបានឈប់លើផ្លូវជាតិ ដើម្បីចុះទិញបាយឆា ដោយមិនបានអែបខាងឲ្យផុតពីផ្លូវកៅស៊ូទេលុះមួយសន្ទុះក្រោយមកក៏មានបុរសម្នាក់ស្រវឹងស្រា ជិះម៉ូតូ វីវ៉ា ពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ 1L-1852 ជិះមកពីក្រោយ វ៉ាក់អឺ ជាមួយរថយន្ដនៅពីមុខចាប់ហ្វ្រាំងមិនទាន់ក៏ទៅបុកឡានពីក្រោយបណ្ដាលឲ្យដួលរងរបួសដេកស្ដូកស្តឹង ងើបលែងរួច រីឯម៉ូតូខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយពេលកើតហេតុម្ចាស់រថយន្តឃើញស្ថានភាពបែបនេះ បានបើកចេញទៅបាត់ មិនខ្វល់មិននៅបង្អែបង្អង់ យូរនាំវែងឆ្ងាយឡើយ ។បន្ទាប់មកមិត្តភក្ដិ ជនរងគ្រោះ មកតាមក្រោយ ហៅរថយន្តគ្លីនិកឯកជនមកដឹកទៅសង្គ្រោះ។ ចំណែកម៉ូតូរបស់ជនរងគ្រោះត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីរង់ចាំម្ចាស់យកឯកសារមកយកទៅវិញនៅថ្ងៃក្រោយ៕

unnamed122

មតិយោបល់