កណ្តាលៈ កាលពីវេលាម៉ោង២០និង៣៤នាទី ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ ហាងលក់ទូរស័ព្ទដៃមួយកន្លែង ត្រូវជនមិនស្គាល់មុខម្នាក់ បានធ្វើសកម្មភាពគាស់ផ្ទះចូលលួចយកនូវទូរស័ព្ទដៃ អស់ជាច្រើនគ្រឿង ស្ថិតនៅក្នុងភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះជុំ ប៉ូលីន ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិ-សង្កាត់ កើតហេតុ មុខរបរ លក់ទូរស័ព្ទ ។ ចំណែកជនសង្ស័យម្នាក់ មិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ ពាក់មួកកន្តឹបពណ៌ស អាវយឺតពណ៌ស្លែដៃខ្លី ខោជើងខ្លី ហោប៉ៅប្រាំមួយ ក្រោយពីធ្វើសកម្មភាពរួចបានគេចខ្លួនបាត់ ។
សម្ភារៈបាត់បង់រួមមាន៖ ទូរសព្ទ័ដៃ២០គ្រឿង ម៉ាក samsung ចំនួន២គ្រឿង ម៉ាក oppoចំនួន៧ គ្រឿង ម៉ាក IPhone ចំនួន១១គ្រឿង បើគិតជាលុយប្រហែល ៧០០០ដុល្លារ ។
សភាពនៃរឿងហេតុ៖ កាលពីវេលាកើតហេតុ តាមកាមេរ៉ាសុវត្ថិភាព មានជនសង្ស័យម្នាក់ ដូចមានភិនភាគខាងលើ បានធ្វើសកម្មភាពចូលលួចសម្ភារៈ ទូរស័ព្ទដៃ ហើយបានរត់គេចខ្លួនបាត់ ។
សូមបញ្ជាក់ថា៖ នៅផ្ទះកើតហេតុមានសាច់ញាតិ ដេកយាមម្នាក់ តែគាត់ដេកនៅខាងក្នុងបន្ទប់ចំណែកជនរងគ្រោះមិនបានដេកនៅនោះទេ ។ ករណីនេះកម្លាំងផ្នែកយុត្តិធម៌ ក្រុងតាខ្មៅ បានចុះពិនិត្យ និងធ្វើការស៊ើបអង្កេតស្រាវជ្រាវ ដើម្បីចាត់ការតាមនីតិវិធី ៕
មតិយោបល់