ភ្នំពេញៈ ស្ត្រីម្នាក់ដែលមានផ្ទៃពោះ បានរងរបួសសន្លប់បាត់ស្មារតី បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត ២គ្រឿងបុកគ្នាពេញទំហឹង។
ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ៨និង ១០នាទីយប់ទី១៤ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចជិត ផ្ទះពេទ្យ ថុល ខាងក្រោយសាលាកូរ៉េ តាមបណ្ដោយផ្លូវ បេតុងក្នុងភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
រថយន្តទី១ ម៉ាកឡង់គ្រីស័រ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ស្វាយរៀង 2B-9666 បើកបរ ដោយបុរសម្នាក់ មានរួមដំណើរបុរសម្នាក់ទៀត។ ចំណែកឯរថយន្តទី២ ម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BD-0489 បើកបរលក្ខណៈគ្រួសារឪពុកម្ដាយ និងកូន ២ នាក់ ដោយស្ត្រីជាម្ដាយមានផ្ទៃពោះ ជិតគ្រប់ខែហើយ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយគេឃើញរថយន្តហាយឡែនឌ័រ ធ្វើដំណើរពីជើងមកត្បូង តាមបណ្ដោយផ្លូវបេតុង ក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត ឡង់គ្រីស័រ ធ្វើដំណើរពីលិចទៅកើត តាមបណ្ដោយផ្លូវបេតុង ក្នុងល្បឿនយ៉ាងលឿន បានបុករថយន្តហាយឡែនឌ័រ ចំពីចំហៀងខាងស្តាំពេញទំហឹង បណ្ដាលឲ្យស្ត្រី ម្នាក់មានផ្ទៃពោះជិតគ្រប់ខែ បានរងរបួសសន្លប់បាត់ស្មារតី។ ភ្លាមៗនោះ ត្រូវបានរថយន្តដឹកយកទៅមន្ទីរពេទ្យកាលម៉ែត្រ ដើម្បីសង្គ្រោះជីវិតផងដែរ ចំណែករថយន្តទាំង២គ្រឿង រងការខូចខាតយ៉ាងដំណំដូចគ្នា។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញ ចុះមកវាស់វែង ហើយឲ្យភាគីទាំងសង្ខាង សម្របសម្រួលគ្នា មួយសន្ទុះក្រោយមកខាងរថយន្ដ ឡង់គ្រីស័របានសង់សំណងថ្លៃខូចខាតទាំងអស់ចំនួន ២,៨០០,០០០រៀល (ពីរលានប៉ែតសិបម៉ឺនរៀល) បញ្ចប់រឿងនៅកន្លែងកើតហេតុ៕


















មតិយោបល់