ព័ត៌មានជាតិ

បើស្រវឹង សូមកុំបើកបរបន្តដំណើរ នាំឲ្យគ្រោះថ្នាក់! រថយន្តហាយឡាក់រីវ៉ូរ បុកម៉ូតូ រួចព្យាយាមបើករត់…

ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រា បានបើករថយន្ត១គ្រឿង បោះពួយយ៉ាងលឿន ក៏រេចង្កូតទៅបុកម៉ូតូ១គ្រឿងទៀត ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា រួចព្យាយាមរបើករត់ ក៏ជួបជាមួយសមត្ថកិច្ច កំពុងដាក់គោលដៅត្រួតពិនិត្យជាតិអាកុល និងពង្រឹងច្បាប់ចរាចរណ៍ ឃាត់បានតែម្ដង។

ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង ៩និង៥០នាទីយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចខាងមុខផ្សារឈូកមាស តាមបណ្ដោយផ្លូវ២០១១ ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ដំណើររឿង៖ ដំបូងទ្បើងគេឃើញបុរសម្នាក់ ស្រវឹងស្រាជោកជាំ បានបើករថយន្ត១គ្រឿង ម៉ាកហាយឡាក់រីវ៉ូរ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BF-7977 ធ្វើដំណើរពីជើងទៅត្បូង តាមបណ្ដោយផ្លូវ២០១១ ក្នុងល្បឿយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុ រថយន្តបង្កស្រាប់តែរេចង្កូតឆ្លងចូលផ្លូវម្ខាងទៀត បុកម៉ូតូ១គ្រឿងទៀត ម៉ាកZOOMER-X ពណ៌ខ្មៅលាយស ពាក់ផ្លាកលេខ ភ្នំពេញ 2FK-7770 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅបញ្រ្ចាសគ្នាចំពីមុខពេញទំហឹង បណ្ដាលឲ្យម៉ូតូខ្ទាតទៅចិញ្ចើមផ្លូវ រងការខូចខាតយ៉ាងដំណំ ចំណែកឯអ្នកបើកបរម៉ូតូ បានរងរបួសធ្ងន់ធ្ងរ។

ភ្លាមៗនោះ រថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ បានបន្ថែមល្បឿនបើករត់គេចខ្លួន ចេញពីកន្លែងកើតហេតុ ត្រូវបានប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ បានជិះដេញតាមពីក្រោយ រហូតរថយន្តបង្កខាងលើ បើកទៅចូលគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹង ដែលសមត្ថកិច្ច កំពុងប្រតិបត្តិការ នៅចំណុចក្បែរផ្សារទំនើបឡាក់គី តាមបណ្ដោយផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក៏ត្រូវបានសមត្ថកិច្ច ធ្វើការអន្តរាគមន៍ស្ទាក់ចាប់ភ្លាមតែម្ដង។

ក្រោយកើតហេតុអ្នកបើករថយន្តបង្ក រួមទាំងរថយន្ត និងម៉ូតូ ត្រូវសមត្ថកិច្ចជំនាញ ចុះវាស់វែង រួចយកវត្ថុតាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់។ ចំណែកជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ របស់គ្លីនិកឯកជនសម្ភពពន្លឺ ដឹកយកទៅសង្រ្គោះភ្លាមៗផងដែរ៕

មតិយោបល់