ខេត្តបាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា តាមរបាយការណ៍របស់ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កាលពីថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៣និង៣០នាទី នៅចំណុចក្រុមទី០៦ ភូមិកំពង់ចម្លងលើ ឃុំតាក្រី ស្រុកកំរៀង ខេត្ដបាត់ដំបង កម្លាំងផ្នែក ប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកកំរៀង បានចុះប្រតិបត្តិការបង្ក្រាបករណី រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មួយករណី ក្នុង បទល្មើសជាក់ស្ដែង ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យបាន ចំនួនម្នាក់ ដែលមានឈ្មោះ មាក់ មុត ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅក្រុមទី០៦ ភូមិកំពង់ចម្លងលើ ឃុំតាក្រី ស្រុកកំរៀង ខេត្ដបាត់ដំបង។
វត្ថុតាងចាប់យកបានរួមមាន ៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ( ម៉ាទឹកកក ICE ) ចំនួន ១ ថង់ ទម្ងន់ ១,៦៧ ក្រាម (ទាំងសំបក) , ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (យ៉ាម៉ា WY) ចំនួន ១ គ្រាប់ ទម្ងន់ ០,១០ ក្រាម ។
ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យ ឈ្មោះ មាក់ មុត និងដោយបានការអនុញ្ញាតពីលោក នួន សាន ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កម្លាំង សមត្ថកិច្ចយើងបន្តកិច្ចប្រតិបត្តិការ រហូតឈានដល់ចាប់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៤,៣០នាទី។ ជនសង្ស័យឈ្មោះ ហែម មុន្នីនាថ ភេទស្រី អាយុ ១៧ ឆ្នាំ មានទីលំនៅក្រុមទី០៦ ភូមិ ស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
វត្ថុតាងឆែកឆេរបានរួមមាន ៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ( ម៉ាទឹកកក ICE ) ចំនួន ២ ថង់ ទម្ងន់ ៥,០១ ក្រាម (ទាំងសំបក), ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ( យ៉ាម៉ា WY ) ចំនួន ១៥២ គ្រាប់ ទម្ងន់ ១៤,៦៣ ក្រាម, ថ្នាំញៀនភេទ អ៊ិចស្តាស៊ី ( MDMA) ចំនួន ៥៨ គ្រាប់ ទម្ងន់ ២០,៣៤ក្រាម , ប្រាក់ចំនួន ៣០០,០០០រៀល (បីរយពាន់រៀលគត់), ទូរស័ព្ទដៃ ចំនួន ១ គ្រឿង (ចាស់), ថង់សម្រាប់រំលែកច្រកថ្នាំញៀនលក់មួយចំនួន ។
សរុបថ្នាំញៀនប្រភេទមេតំហ្វេតាមីន ( ម៉ាទឹកកក ICE ) ចំនួន ៣ ថង់ ទម្ងន់ ៦,៦៨ ក្រាម (ទាំងសំបក), ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ( យ៉ាម៉ា WY ) ចំនួន ១៥៣ គ្រាប់ ទម្ងន់ ១៤,៧៣ ក្រាម, ថ្នាំញៀនភេទ អ៊ិចស្តាស៊ី ( MDMA) ចំនួន ៥៨ គ្រាប់ ទម្ងន់ ២០,៣៤ក្រាម ។
ជនសង្ស័យ និងវត្ថុតាង បច្ចុប្បន្ន បាននឹងកំពុងរៀបចំសំណុំរឿង បញ្ជូនទៅតុលាការខេត្តបាត់ដំបង៕
មតិយោបល់