ព័ត៌មានជាតិ

ក្មេងស្រីអាយុ១១ឆ្នាំម្នាក់ស្លាប់យ៉ាងរន្ធត់ និងក្មេងប្រុសអាយុ ១២ឆ្នាំម្នាក់ទៀតរបួសបាក់ជើងឆ្វេង ករណីរថយន្តបុកកង់ នៅស្រុកម៉ាឡៃ

បន្ទាយមានជ័យ: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ក្មេងស្រីអាយុ១១ឆ្នាំម្នាក់ បានបាត់បង់ជីវិតភ្លាម​ និងក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ទៀត បានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅវេលាម៉ោង​៧និង៤៥នាទីយប់ថ្ងៃទី១៧​ ខែឧសភា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥៩ ត្រង់ចំនុចគីឡូម៉ែត្រលេខ៤៣-៤៤ ស្ថិតនៅភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

ប្រភពពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ឈ្មោះ រ៉េន ខាំ ភេទប្រុស អាយុ១២ ឆ្នាំរស់នៅភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ (របួសបាក់ជើងឆ្វេង) អ្នកជិះកង់​ និងអ្នកជិះពីក្រោយមានឈ្មោះ ថេង ស្រីរត្ន័ ភេទស្រី អាយុប្រហែល ១១ឆ្នាំ រស់នៅភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

ចំណែករថយន្តម៉ាកប្រូស ពណ៌ប្រផេះ ស៊េរីឆ្នាំ២០០៦ ពាក់ផ្លាកលេខ ភ្នំពេញ 2BE-7802 ​អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់។

នគរបាលបានបញ្ជាក់ថា​ ៖​ នៅមុនពេលកើតហេតុ ក្មេងទាំង២នាក់ បានជិះកង់ឌុបគ្នា ធ្វើដំណើរពីកើតទៅលិច ស្របពេលនោះ រថយន្តបានបើកបរស្របទិសគ្នា ក្នុងល្បឿនលឿន មកដល់កន្លែងកើតហេតុ ត្រង់ចំណុចគីឡូម៉ែត្រលេខ ៤៣-៤៤ ស្ថិតនៅភូមិសង្កែ ឃុំបឹងបេង បានបុកកង់ពីក្រោយពេញទំហឹង បណ្តាលឲ្យមានអ្នកស្លាប់​ និងរបួស រីឯ​រថយន្តបានរេចង្កូតធ្លាក់ពីថ្នល់ ហើយអ្នកបើកបរ បានរត់គេចខ្លួន បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។

ក្រោយពីកើតហេតុកម្លាំងនគរបាលជំនាញ បានចុះដល់កន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យវាស់វែងរួច បានប្រគល់សពជូនក្រុមគ្រួសារ។ ដោយទ្បែក អ្នករបួសដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកវត្ថុតាង បានយកមករក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុករង់ចាំធ្វើការដោះស្រាយតាមនីតិវធីច្បាប់៕

មតិយោបល់