កំពង់ចាមៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដឹកនាំដោយលោកអធិការរងនគរបាលស្រុកជើងព្រៃ និងដោយក្នុងកិច្ចប្រតិបត្តិការក្រោមការដឹកនាំសម្របសម្រួលបញ្ជាផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះបង្ក្រាបករណីលួចលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ និងបាញ់អាប៉ោងភ្នាល់ដាក់ប្រាក់) នៅចំណុចក្នុងព្រៃ ស្ថិតនៅភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
ជាលទ្ធផលនៃប្រតិបត្តិការនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៤ និង០០នាទី កម្លាំងបង្ក្រាបចាប់ឃាត់ខ្លួនអ្នកលេងចំនួន១០នាក់ និងនិងដកហូតវត្ថុតាងមួយចំនួនរួមមាន៖ ១-មាន់ងាប់ ចំនួន ០២ក្បាល, ២-កន្ត្រក់ដាក់មាន់ ចំនួន ០១, ៣-ម៉ូតូចំនួន ១៣គ្រឿង, ៤-កញ្ចក់បាំងមាន់ ចំនួន ០១, ៥-ហាន់តោអាប៉ោង ចំនួន០១, ៦-រថយន្តចំនួន ០៤គ្រឿង, ៧-ប្រាក់រៀលចំនួន៣,៥១០,០០០រៀល (បីលានហាសិបមួយម៉ឺនរៀល), ៨-ប្រាក់ដុល្លារចំនួន១០០០ដុល្លារ (មួយពាន់ដុល្លារ), ៩-សំបកស្គុតរុំជើងមាន់មួយចំនួន ។
បច្ចុប្បន្ន មនុស្ស រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម៕










មតិយោបល់