ព័ត៌មានជាតិ

យុវជនម្នាក់ត្រូវកម្លាំងនគរបាលឃាត់ខ្លួន ករណីហិង្សាក្នុងគ្រួសារ និងលួចលុយម្ដាយទិញសារធាតុញៀន

កណ្ដាលៈ នៅវេលាម៉ោង ២និង១០នាទីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ មានករណីហិង្សាក្នុងគ្រួសារ និងលួចលុយម្ដាយទិញសារធាតុញៀន ស្ថិតក្នុងភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល សូមបញ្ជាក់ ជនសង្ស័យត្រូវនគរបាលឃាត់ខ្លួន នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ក្រោយទទួលបណ្ដឹងពីជនរងគ្រោះជាម្ដាយ។

ជនរងគ្រោះឈ្មោះ ម៊ើ ស្រី ភេទស្រី អាយុ ៥០ឆ្នាំ (ម្ដាយ) មុខរបរ កសិករ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។
ជនសង្ស័យឃាត់ខ្លួនឈ្មោះ ហ៊ាង ឈាង ភេទប្រុស អាយុ ២៧ឆ្នាំ (កូន) ជនជាតិខ្មែរ រស់នៅភូមិឃុំជាមួយគ្នា។

សម្ភារៈខូចខាតបាត់បង់៖
-ប្រាក់រៀលចំនួន ៥,៣០០,០០០៛។
វត្ថុតាងដកហូត៖
-ប្រាក់រៀលចំនួន ៥,២១០,០០០៛។

ដំណើររឿង៖ មុនពេលកើតហេតុជនសង្ស័យតែងតែប្រើប្រាស់សារធាតុញៀន និងជេរប្រមាថគំរាមសម្លាប់ឪពុកម្ដាយ បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ លុះនៅថ្ងៃកើតហេតុទី១៧ ខែឧសភា ឆ្នាំ២០២០ ជនសង្ស័យបានលួចលុយយ៉ាងច្រើន ហើយគេចខ្លួនបាត់តែម្ដង រហូតព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ជនរងគ្រោះក៏ទៅដាក់ពាក្យបណ្ដឹង ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ក្រោយទទួលបានបណ្ដឹងភ្លាម កម្លាំងនគរបាលប៉ុស្តិ៍សំពៅពូន ចុះឃាត់ខ្លួនជនសង្ស័យមកសួរនាំ ហើយជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចប្រាក់ម្ដាយប្រាកដមែន ។

ករណីនេះ ជនសង្ស័យត្រូវបានកម្លាំងនគរបាល បញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់៕

មតិយោបល់