ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ បានដាក់ចេញនូវវិធានការណែនាំដល់ប្រធានមន្ទីរកសិកម្មរាជធានីខេត្ត នូវសំណើរចាត់វិធានការ ទប់ស្កាត់ការប្រមូលទិញ កសិផលដោយបន្ទាបថ្លៃពីសំណាក់ឈ្មួញនិងក្រុមហ៊ុនធ្វើអាជីវកម្មផលិតផលកសិកម្ម ។
ក្នុងលិខិតដែលបានចុះហត្ថលេខាដោយលោក វេង សាខុន ជារដ្ឋមន្រ្តី កាលពីថ្ងៃទី១២កញ្ញានេះបានសរសេរថា«ការងារបង្កបង្កើនផលកសិកម្មកំពុងមមាញឹក និងជិតចប់សពគ្រប់ហើយ ទន្ទឹមគ្នានេះកសិករមួយចំនួន បាននិងកំពុងធ្វើការប្រមូលផលជាបន្តបន្ទាប់ ដែលមកទល់ពេលនេះ ការប្រមូលផលស្រូវស្រាលសម្រេចបានចំនួន១២០,៧៣៤ហិចតា លើផ្ទៃដីអនុវត្តស្រូវស្រាលសរុប ៥៩១,៥១៤ ហិចតា ដោយទទួលបានបរិមាណផលសរុបចំនួន៤៧៣,០៣៥ តោនលើសឆ្នាំមុន២៣,៥៧៩ តោន»។
លិខិតខាងលើបញ្ចាក់ថា ដើម្បីរក្សាស្ថេរភាពថ្លៃកសិផល ពិសេសថ្លៃស្រូវដែលតែងតែកើតឡើងក្រោយពេលប្រមូលផល ដោយឈ្មួញប្រមូលទិញបន្ទាបថ្លៃធ្វើឱ្យមានការត្អូញត្អែពីប្រជាកសិករនោះ ក្រសួងកសិកម្ម រុក្ខប្រម៉ាញ់ និងនេសាទ ស្នើលោកប្រធានសហការជាមួយអាជ្ញាធរមូលដ្ឋាននិងស្ថាប័នពាក់ព័ន្ធចាត់វិធានការដូចជា៖ ទប់ស្កាត់ការប្រមូលទិញ ផ្តាច់មុខពីសំនាក់ឈ្មួញនៅតាមតំបន់ ដើម្បីធ្វើការចរចាថ្លៃឲ្យបានសមស្របតាមស្ថានភាពថ្លៃជាក់ស្តែង និងលើកជាវិធានការជូនរដ្ឋបាលរាជធានីខេត្ត ដើម្បីចូលរួមដោះស្រាយ។ ពង្រឹងសមត្ថភាពសហគមន៍ កសិកមូលដ្ឋាន លើការប្រមូលទិញកសិផល ពិសេសសន្និធិស្រូវដើម្បីចរចាថ្លៃជាមួយវិស័យឯកជន។ ធ្វើការចរចាជាមួយសមាគមន៍ម៉ាស៊ីនកិនស្រូវប្រចាំខេត្ត ដើម្បីប្រមូលទិញស្រូវពីប្រជាកសិករឲ្យអស់លទ្ធភាពក្នុងតម្លៃសមស្រប។
ការដាក់ចេញនូវវិធានការទប់ស្កាត់នេះ បានធ្វើឡើងបន្ទាប់ពីមានឈ្មួញកណ្តាលបានធ្វើការប្រមូលទិញស្រូវពីប្រជាកសិករដែលទើបតែប្រមូលផលបាន ក្នុងតម្លៃមួយទាបមិនអាចឆ្លើយតបនិងផលទុនដែលកសិករចំណាយក្នុងការផលិតស្រូវនោះផងទេ ពោលគឺតម្លៃឡើងចុះតាមតែមាត់ឈ្មួញ និងក្រុមហ៊ុនប្រមូលទិញស្រូវតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា នៅខេត្តបន្ទាយមានជ័យក្នុងឆ្នាំ២០១៦នេះ ឈ្មួញទិញស្រូវថោកជាងឆ្នាំ២០១៥ គឺឲ្យតម្លៃឡើងចុះតាមតែមាត់ ដូចជាប្រភេទស្រូវសែនក្រអូបនៅអំឡុងដើមខែកញ្ញានេះ ឈ្មួញទិញ១តោន៩,០០០បាត(ប្រាក់ថៃ) ហើយមកដល់ថ្ងៃទី១១ ខែកញ្ញា ឈ្មួញទម្លាក់ថ្លៃមកនៅត្រឹមតែ៧,០០០បាតក្នុង១តោន ។ កាលឆ្នាំ២០១៥លក់បានពី១០,០០០បាតទៅ១២,០០០បាតក្នុង១តោន ។
អ្នករកស៊ីទិញស្រូវ ដឹកយកទៅលក់ឲ្យឈ្មួញវៀតណាម នៅតំបន់អ្នកលឿង បានឱ្យដឹងថា នៅ២០១៦នេះ តម្លៃស្រូវរបស់កសិករឡើងខ្ពស់បំផុតបានត្រឹមតែ៨៦០ ទៅ៨៧០រៀល ប៉ុណ្ណោះ ក្នុង១គីឡូក្រាម (១តោនស្រូវលក់បានប្រហែល២១៦ដុល្លារ)។ នៅខេត្តបាត់ដំបង ពោធិ៍សាត់ ១គីឡូក្រាមស្រូវទិញចូលខ្ពស់បំផុតបានត្រឹមតែ៦៩០រៀល ។ សម្រាប់លក់ចេញឱ្យវៀតណាម បើស្រូវសើម១គីឡូក្រាមបានថ្លៃ៨៦០ បើស្រូវស្ងួតបានថ្លៃត្រឹមតែ៨៧០រៀលប៉ុណ្ណោះ ៕
មតិយោបល់