ព័ត៌មានជាតិ

បុរសម្នាក់ ជិះម៉ូតូបុកគូទរថយន្តកូរ៉េដឹកកម្ទេចថ្ម បណ្ដាលឲ្យដួលសន្លប់ស្ដូកស្ដឹង នៅកណ្ដាលផ្លូវ

ភ្នំពេញៈ កាលពីវេលាម៉ោង ៤និង២០នាទីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចមុខផ្ទះលេខ១៧៨ ផ្លូវលេខ៤៣០ ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកពីក្រោយរថយន្ត បណ្ដាលឲ្យបុរសវ័យចំណាស់ម្នាក់ ដួលសន្លប់បាត់មាត់ស្ដូក។

រថយន្តកូរ៉េដឹកកម្ទេចថ្ម ម៉ាកហ៊ីយន់ដាយ ពណ៌ខៀវ បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ រួមដំណើរជាមួយប្រពន្ធ និងកូនតូចម្នាក់ផងដែរ។ ចំណែកបុរសរងគ្រោះខាងលើ មិនស្គាល់អត្តសញ្ញាណទេ បានជិះម៉ូតូ ១គ្រឿងម៉ាកគុបជ្រុង ពណ៌ស្លែ ពាក់ផ្លាកលេខ ធ០១៧៥-ភព១។

ដំណើររឿង៖ មុនកើតហេតុរថយន្តកូរ៉េ១គ្រឿង មានដឹកកម្ទេចថ្ម បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយប្រពន្ធ និងកូនតូចម្នាក់ ធ្វើដំណើរពីជើងទៅត្បូង តាមបណ្តោយផ្លូវលេខ៤៣០។
លុះមកដល់កន្លែងកើតហេតុ ស្រាប់តែមានម៉ូតូ១គ្រឿង ម៉ាកគុបជ្រុង បើកបរដោយបុរសវ័យចំណាស់ម្នាក់ ជិះចេញពីផ្លូវតូចមួយក្បែរនោះ ក្នុងទិសដៅពីកើតទៅលិច បានបត់ឆ្វេងទៅបុកគូទរថយន្តខាងលើ បណ្តាលឲ្យអ្នកបើកម៉ូតូដួលសន្លប់ផ្កាប់មុខស្តូកស្តឹង នៅកណ្តាលផ្លូវតែម្តង។

ក្រោយសមត្ថកិច្ច បានមកដល់ធ្វើការត្រួតពិនិត្យ ដោយបុរសខាងលើដឹងខ្លួន ទំនងស្វាងស្រវឹងផង ហើយមិនមានរបួសអ្វីនោះ ទើបសមត្ថកិច្ច បានទូរស័ព្ទហៅ ក្រុមគ្រួសារ ឲ្យមកទទួលយកត្រឡប់ទៅផ្ទះវិញ រួចអនុញ្ញាតឱ្យ បុរសជាបើករថយន្ត បន្តដំណើរបាត់ទៅ៕

មតិយោបល់