កំពង់ធំៈ ប្រជានេសាទប្រមាណ២០នាក់ នៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានឡើងមកប្រមូលផ្តុំគ្នា នៅមុខសាលាខេត្តកំពង់ធំ ក្នុងគោលបំណងសុំលោកអភិបាលខេត្តជួយសម្រួល ដល់មុខរបរនេសាទរបស់ពួកគាត់ ដែលពួកគាត់អះអាងថា ក្នុងជីវភាពរស់នៅរបស់ពួកគាត់ គឺមានតែមុខរបរនេសាទ តែមួយគត់។
សកម្មភាពនេះ គឺបានកើតឡើង នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ ម្សិលមិញនេះ ដោយពួកគាត់ដឹងថា សមត្ថកិច្ចរដ្ឋបាលជលផល នៅរដូវបិទនេសាទនេះ បានប្រើកណ្ដាប់ដៃធ្ងន់ ក្នុងការបង្ក្រាបបទល្មើសនេសាទខ្លាំងជាងសព្វឆ្នាំ ដែលធ្វើប្រជានេសាទទាំងនេះ ពិបាកនឹងតស៊ូ ជាក់ស្ដែងក្នុងពេលដែលប្រជានេសាទកំពុងឡើងមកនេះ នៅតំបន់ខាងក្រោមសមត្ថកិច្ចរដ្ឋបាល ដែលដឹកនាំ ដោយលោក ប៉ែន វណ្ណរិទ្ធ បាននិងកំពុងបង្ក្រាបបទល្មើសនេសាទយ៉ាងក្ដៅគគុក តាំងពីថ្ងៃទី១ ដើមសប្ដាហ៍មក។
យោងតាមប្រភពព័ត៌មានពីសាលាឃុំផាត់សណ្ដាយ នៅថ្ងៃនេះ បានឲ្យដឹងថា គោលបំណង របស់ប្រជាពលរដ្ឋ ដែលឡើងមកជួបលោកអភិបាលខេត្តនេះ គឺសុំលោកអភិបាលជួយសម្រួលនូវមុខរបរនេសាទរបស់ពួកគាត់ធ្វើបែបណា ដើម្បីពួកគាត់បានរស់ផង ព្រោះពួកគាត់មានមុខរបរនេសាទតែ១គត់។ ក្នុងន័យនេះ គឺពួកគាត់សុំសមត្ថកិច្ចរដ្ឋបាលជលផលចុះសិក្សា កំណត់ ប្រវែងរបាំង ខ្សាច់អួន និងក្រឡា ទៅតាមទីតាំងនេសាទ ដែលមានលក្ខណៈ ផ្សេងៗពីគ្នា គឺកំណត់ទូទៅដូច្នេះ។
ប៉ុន្តែ ទោះជាយ៉ាងណាក្ដី ជាមួយគ្នានេះ ក៏មានព័ត៌មានពីប្រជាពលរដ្ឋផ្សេងទៀត នៅឃុំផាត់សណ្ដាយ និងសាធារណជន បាននិយាយឲ្យដឹងថា ប្រជានេសាទ ដែលឡើងមកនេះ គឺមុខដដែលៗ ដែលសុទ្ធតែអ្នកប្រព្រឹត្តបទល្មើសនេសាទទ្រង់ទ្រាយធំៗជារៀងរាល់ឆ្នាំទាំងរដូវបិទ និងរដូវបើក ហើយពួកគេសុទ្ធតែជា មានមុខមាត់ក្នុងឃុំ និងមានការទំនាក់ទំនងល្អ ជាមួយសមត្ថកិច្ចជំនាញ និងអាជ្ញាធរផងដែរ ប៉ុន្តែឆ្នាំនេះ ទំនងជាពិបាកលាក់បំពួនខ្លាំង ទើបនាំគ្នាមកធ្វើដូចនេះ បើមានការសម្របសម្រួលណាមួយនោះ គឺផលប្រយោជន៍នេះ ធ្លាក់ទៅលើពួកគេ១ក្រុមតូចតែប៉ុណ្ណោះ ចំណែកប្រជាពលរដ្ឋក្រីក្រពិតប្រាកដ គឺគ្មានលទ្ធភាព ធ្វើដូចពួកគេនោះទេ សូម្បីតែទីកន្លែងនេសាទ ដែលសំខាន់ៗក៏ពួកគេហួងហែង ដើម្បីប្រព្រឹត្តបទល្មើសនេសាទដែរ ហើយប្រជាពលរដ្ឋ នៅឃុំផាត់សណ្ដាយ មានចំនួនរាប់ពាន់គ្រួសារឯណុះ៕
មតិយោបល់