ព័ត៌មានជាតិ

រថយន្តដឹកសំរាម ដាច់កាឡេវិលរេទៅបុករថយន្តស្តារិច បណ្តាលឲ្យឪពុកកូន ២នាក់ រងរបួសគាបជាប់ក្នុងកាប៊ីន

ភ្នំពេញៈ រថយន្តកូរ៉េដឹកសំរាម ខណៈបើកបរ ស្រាប់តែដាច់កាឡេ ក៏រេវិលទៅបុកជាមួយរថយន្តស្តារិច របស់ជនជាតិចិន កំពុងបើកច្រាស់ទិស បណ្តាលឲ្យរួចខ្ទេចកាប៊ីន របួស២នាក់ឪពុកកូន គាបជាប់កាប៊ីន។

ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង ១២និង២០នាទីរសៀល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ តាមផ្លូវបេតុង ជាប់អង្គភាពកងទ័ពឆ័ត្រយោង ក្នុងភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល។

ដំណើររឿង៖ មុនកើតហេតុរថយន្តកូរ៉េ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ផ្លាកលេខ ញ 3519 ភព២ បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយកូនប្រុសតូចម្នាក់ មានដឹកសម្រាម កាកសំណល់ ច្រើនសុទ្ធតែទឹកថ្នាំពណ៌ ធ្វើដំណើរពីត្បូងទៅជើងតាមផ្លូវបេតុង។ លុះដល់ចំណុចខាងលើ ស្រាប់តែរថយន្តដាច់កាឡេ ក៏រេចង្កូតវិលកាត់ទទឹងផ្លូវ ទៅបុកជាមួយរថយន្តស្តារិច H1 ពណ៌ស្ករ ពាក់ផ្លាកលេខ កំពង់ស្ពឺ 2B-8766 រថយន្តក្រុមហ៊ុនចិន ជិះគ្នា២នាក់ បើកបរដោយជនជាតិខ្មែរ រួមដំណើរដោយជនជាតិចិន ដែលបើកពីជើងទៅត្បូង បណ្តាលឲ្យរថយន្តខ្ទេចរួញគាបជាប់គ្នា ភាគីខាងរថយន្តដឹកសំរាម គាបជាប់២នាក់ឪពុកកូន រងរបួសធ្ងន់ឪពុក កូនរបួសស្រាល ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានប្រជាពលរដ្ឋជួយគាស់យកចេញ ហើយក្រុមគ្រួសារ ដឹកតាមម៉ូតូកង់បី បញ្ជូនទៅមន្ទីរពេទ្យ ចំណែករថយន្តទាំង២គ្រឿង សមត្ថកិច្ចចុះទៅពិនិត្យ រួចប្រគល់ជូនទៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ កសាងឯកសារ រង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់