ព័ត៌មានជាតិ

ព្រលឹងចុងសក់! រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង មិនទាន់អស់ល្បឿន បន្តបុកចូលផ្ទះពលរដ្ឋ ស្លាប់ម្នាក់ និងរបួស ៤នាក់

សៀមរាប: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តពីរគ្រឿងបុកគ្នា បណ្ដាលឲ្យស្លាប់ម្នាក់ និង របួសធ្ងន់ស្រាល៤នាក់ ហើយរថយន្តបានបន្ត ជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងបន្ថែមទៀត។

ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង ៥និង៣៥នាទីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចគីឡូម៉ែត្រលេខ ៣៥១-៣៥២ ក្នុងភូមិកិត្តិយស ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។

ម្ចាស់ផ្ទះរងគ្រោះទី១ឈ្មោះ ហង់ រឿង ភេទប្រុស អាយុ៦០ឆ្នាំ សង់អំពីឈើទំហំ ៥.២០x៨ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំងក្ដារ កម្ពស់២.៥០ម៉ែត្រ បានដួលរលំទាំងស្រុង និងទី២ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ជួន លេន ភេទប្រុស អាយុ៣៤ឆ្នាំ ផ្ទះសង់អំពីដែក ទំហំ ៤x៥ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី រងការខូចខាត។

សមត្ថកិច្ច បានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ផ្លាកលេខ កំពង់ចាម 3A-8376 បើកបរដោយឈ្មោះ សុខ យាងភារុត ភេទប្រុស អាយុ១៧ឆ្នាំ (រងរបួសស្រាល) នៅភូមិថ្មដាកើត ឃុំទួលសុភី ស្រុកអូររាំងឪ ខេត្តកំពង់ចាម ជារថយន្តដឹកត្រី ដឹកមនុស្សម្នាក់ឈ្មោះ ជុន រដ្ឋធី ភេទប្រុស អាយុ២៧ឆ្នាំ ( របួសធ្ងន់) រស់នៅភូមិថ្មដាលិច ឃុំទួលសុភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ធ្វើដំណើរពីកើតទៅលិច បានបែកកង់មុខ ហើយក៏បុករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ផ្លាកលេខ កំពង់ស្ពឺ 3A-0115 បើកបរដោយឈ្មោះ រ៉េត សារឹទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ ( ស្លាប់នៅនឹងកន្លែង) រស់នៅភូមិជ្រាស់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ធ្វើដំណើរពីកើតទៅលិច។ ដោយមិនទាន់អស់ល្បឿន រថយន្តបង្កបន្តបុកទៅបុកផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងបន្ថែមទៀត បណ្ដាលឲ្យមនុស្សចំនួន០២នាក់ ជាកូនម្ចាស់ផ្ទះ របួសស្រាល គឺឈ្មោះ ហង់ បុត្រវីរ: ភេទប្រុស អាយុ២៩ឆ្នាំ និងឈ្មោះ ណាត ចាន់ណា ភេទស្រី អាយុ២៧ឆ្នាំ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ វាស់វែង និងធ្វើកំណត់ហេតុ ដើម្បីដោះស្រាយពេលក្រោយ៕

មតិយោបល់