ភ្នំពេញៈ នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស របស់អាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ចំនួន ០៩នាក់(បុរសចិន ០៨នាក់ និងស្ត្រីភូមា ០១នាក់) ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណី បង្ខាំងមនុស្សខុសច្បាប់ ដែលមានជនរងគ្រោះ ជាជនជាតិចិនដូចគ្នា។
តាមរបាយការណ៍ របស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ជនរងគ្រោះ ជាជនជាតិចិនត្រូវបានចិនគ្នាឯង ចាប់បង្ខាំងតាំងពីអំឡុងខែ០៣ ឆ្នាំ២០២០មកម្លេះ ព្រោះជនរងគ្រោះបានដឹងការសម្ងាត់របស់ក្រុមជនល្មើសដែលសុទ្ធតែ ជាក្រុមមនុស្សមានពិរុទ្ធភាព រកស៊ីខុសច្បាប់ និងត្រូវបានប៉ូលិសចិនតាមចាប់ខ្លួនផងដែរ ហើយនៅពេលនោះ ជនរងគ្រោះបានលួចផ្ញើសារទៅកាន់បងប្រុសខ្លួន នៅឯប្រទេសចិន ដើម្បីឲ្យរកមធ្យោបាយជួយរំដោះខ្លួន តែដោយសារស្ថានភាពនៅប្រទេសចិននាពេលនោះ កំពុងត្រូវបានជំងឺកូវីដ១៩រាតត្បាត បានធ្វើឲ្យបងប្រុសរបស់ជនរងគ្រោះ មិនអាចចាកចេញពីប្រទេសចិនបាន ក៏បានពន្យាពេលធ្វើដំណើររហូតមកដល់ថ្ងៃទី១៤ ខែ០៥ ឆ្នាំ២០២០នេះ ទើបបងប្រុសជនរងគ្រោះ បានធ្វើដំណើរមកដល់កម្ពុជា និងបានទំនាក់ទំនងទៅកាន់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីស្រាវជ្រាវស្វែងរករំដោះប្អូនប្រុសរបស់ខ្លួន។
ក្រោយពីសមត្ថកិច្ចអាវុធហត្ថបានទទួលពាក្យបណ្តឹងភ្លាម ក៏ចាត់វិធានការស្រាវជ្រាវ រហូតឈានដល់ការកំណត់មុខសញ្ញា ជនល្មើសកំពុងស្នាក់នៅក្នុងខុនដូមួយកន្លែង ក្នុងខណ្ឌជ្រោយចង្វារ ទើបសមត្ថកិច្ចអាវុធហត្ថខណ្ឌជ្រោយចង្វារសហការ ជាមួយកម្លំាងជំនាញ នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមានការសំរបសំរួលដោយ លោក ហេង ផេង ព្រះ រាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបនិងឆេកឆេរបន្ទប់ចំនួន4 ក្នុងទីតាំងខុនដូ ស្ថិតនៅចំណុចភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងបានឃាត់ខ្លួនក្រុមជនសង្ស័យចំនួន ១០នាក់(បុរសចិន ០៨នាក់ នារីភូមា០១នាក់ និងនារីខ្មែរជាអ្នកដាំបាយ០១នាក់) យកមកសាកសួរតាមវិធានការជំនាញ និងបានរំដោះជនរងគ្រោះ០១នាក់ឲ្យមានសេរីភាព។
ជនសង្ស័យដែលសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញបានឃាត់ខ្លួនរួមមាន៖
1/ ឡូវ ពិន ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិចិន។
2/ ឈិន ស៊ី ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិចិន។
3/ ស៊ុង ជាំង ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិចិន។
4/ សោ ឆោ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិចិន។
5/ វ៉ាង វិនហ ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិចិន។
6/ ជាយូ ជឺ ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិចិន។
7/ ចូវ ហន ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន។
8/ ហង ឡុងម៉ីង ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិចិន។
9/ ហម ទិបឈី ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិភូមា។
10/ ងែត ផល្លា ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ។
ក្រោយពេលសាកសួរនិងស៊ើបអង្កេតតាមវិធានការជំនាញ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានរកឃើញថា ក្រុមជនសង្ស័យចំនួន ០៩នាក់(បុរសចិន ០៨នាក់ នារីភូមា០១នាក់) បានជាប់ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់ និង ជាប់ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនផងដែរ៕
មតិយោបល់