ព័ត៌មានជាតិ

លោក Moon Jae-in ព្រមានថាឧបទ្វីបកូរ៉េ នឹងធ្លាក់ចូលក្នុងវិបត្តិ បើកូរ៉េខាងជើងធ្វើតេស្ដមីស៊ីល ICBM ឡើងវិញ

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានព្រមានថាឧបទ្វីបកូរ៉េនឹងធ្លាក់ចូលទៅក្នុងវិបត្តិភ្លាមៗ ប្រសិនបើកូរ៉េខាងជើងធ្វើតេស្ដអាវុធ នុយក្លេអ៊ែរ ឬមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ឡើងវិញ ហើយលោកក៏បានអំពាវនាវឱ្យមានកិច្ចសន្ទនាផងដែរ ដើម្បី រារាំងកុំឱ្យរឿងបែបនេះកើតឡើង។

លោក Moon Jae-in ធ្វើការព្រមានខាងលើនៅក្នុងសារអត្ថាធិប្បាយមួយឆ្លើយតបទៅនឹងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងទីក្រុងសេអ៊ូល នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ។ ថ្លែងឱកាសនោះ លោកប្រធានាធិបតីកូរ៉េខាងត្បូងជិតផុតអាណត្តិរូបនេះបានបញ្ជាក់ថា«ប្រសិនបើ កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលដែល បំពានលើការសន្យារបស់លោក គីម ជុងអ៊ុន នោះតំបន់ឧបទ្វីបកូរ៉េអាចនឹងធ្លាក់ចូលទៅក្នុងវិបត្តិភ្លាមៗ ដូចកាលពីជាង៥ឆ្នាំមុនជាពេលដែលពិភពលោកបារម្ភ យ៉ាងខ្លាំងពីលទ្ធភាពផ្ទុះសង្រ្គាម»។

កាលពីខែមករាកន្លងទៅ យោធាកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់ ក្រោយមានបទបញ្ជាពីលោក គីម ជុងអ៊ុន ដែលនេះកំពុងបង្កឱ្យមាន ការបារម្ភថាលោក គីម អាចនឹងចេញបញ្ជាឱ្យយោធារបស់លោកធ្វើតេស្ដមីស៊ីល ICBM ឬអាវុធនុយក្លេអ៊ែរឡើងវិញ ក្រោយបានផ្អាកចាប់តាំងពី
ឆ្នាំ២០១៧មក៕

ប្រភព៖ Reuters

មតិយោបល់