ព័ត៌មានជាតិ

លាន់ផាំង! ម៉ូតូ២គ្រឿងបុកគ្នា បណ្តាលឲ្យរងរបួសធ្ងន់-ស្រាលមនុស្ស៤នាក់

សៀមរាបៈ យោងតាមផេក មន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងថា នៅម៉ោងប្រមាណ៦ព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូ និងម៉ូតូ នៅកំណាត់ផ្លូវជាតិលេខ៦ ចំណុចផ្លូវចូលវត្តប្រាសាទឥន្ទ្រា ហៅវត្តគោកប៉ាទ្រី ស្ថិតក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងខេត្តសៀមរាប បណ្តាលអ្នកបើកបរ និងរួមដំណើរ រងរបួសចំនួន៤នាក់ ក្នុងនោះ ប្ដីប្រពន្ធជាកម្មករសំណង់ ០២នាក់រងរបួសធ្ងន់ ។

តាមសម្ដីអ្នកឃើញហេតុកាណ៍ បានឲ្យដឹងថា ម៉ូតូទាំងពីរជិះស្របទិសគ្នា ពីទិសខាងលិចទៅកើត ចូលក្រុងសៀមរាប លុះដល់ចំណុចកើតហេតុ ម៉ូតូប្ដីប្រពន្ធទាំង២ បានបើកភ្លើងសញ្ញាបត់ឆ្វេង ខណៈម៉ូតូទាំងពីរកំពុងមានល្បឿនលឿន ទើបបណ្ដាលឲ្យម៉ូតូមួយគ្រឿងទៀតនៅខាងក្រោយ គ្រប់គ្រងល្បឿនមិនបាន បណ្តាលឲ្យបុកតែម្តង ។

ករណីនេះ សមត្ថកិច្ចចរាចរណ៍ នៅមិនទាន់អាចសន្និដ្ឋានបានថា ភាគីណាមួយ ជាអ្នកបង្កគ្រោះថ្នាក់នៅឡើយទេ ដោយសារ ម្ចាស់ម៉ូតូជាប្ដីប្រពន្ធរងរបួសធ្ងន់ ក្នុងនោះ បុរសជាប្តី បានបាក់ជើងឆ្វេង ត្រង់កំភូនជើង រីឯស្រ្តីជាប្រពន្ធបានសន្លប់ ។ ដោយឡែក ម្ចាស់ម៉ូតូមួយគ្រឿងទៀត មានគ្នាពីរនាក់ បានរងរបួសស្រាល ជាមួយនោះ សមត្ថកិច្ចក៏បានធ្វើការសាកសួរ និងឃាត់ម៉ូតូទុក ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ ។

តាមសម្ដីប្រជាពលរដ្ឋ បានលើកឡើងថា ជារៀងរាល់ព្រឹក មានប្រជាពលរដ្ឋនៅតាមបណ្ដាស្រុកក្បែរក្រុងសៀមរាប ជាច្រើន បានបើកបរម៉ូតូមានល្បឿនលឿន ចូលទៅធ្វើការនៅក្នុងក្រុងសៀមរាប ដែលភាគច្រើនពួកគេ ប្រហែលជាកម្មករសំណង់ ។ ជាមួយនោះ ពួកគេបានបើកបរវ៉ាជែង ដោយមិនគោរពសិទ្ធអាទិភាព នៅលើដងផ្លូវឡើយ ករណីទាំងនេះ តែងតែបានបង្កឲ្យមានគ្រោះថ្នាក់ជារឿយៗ ៕

មតិយោបល់