ព័ត៌មានជាតិ

កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង ចុះបង្ក្រាបជនសង្ស័យ២០នាក់ ពាក់ព័ន្ធករណីប្រើប្រាស់សារធាតុញៀន និងជួញដូរ

កំពង់ឆ្នាំង: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ដោយមានការសម្របសម្រួលផ្លូវច្បាប់ ដោយលោក លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ក្នុងរយ:ពេល០២ថ្ងៃ គឺគិតពីថ្ងៃទី២០ដល់ថ្ងៃទី២២ កម្លាំងប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានចុះបង្ក្រាបបានអ្នកប្រើប្រាស់គ្រឿងញៀន និងអ្នកជួញដូរ ក្នុងស្រុកសាមគ្គីមានជ័យចំនួន២០នាក់ ក្នុងនោះមានចាប់តាមដីកានិងបទល្មើសជាក់ស្ដែង ។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានរឹបអូសយក វត្ថុតាងដែលមានម៉ូតូ១៣គ្រឿង មនុស្សចំនួន២០ នាក់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀន រួមទាំងគ្រឿងញៀនមួយចំនួនទៀតផង។
ក្នុងករណីបង្ក្រាបការជួញដូរគ្រឿងញៀននេះ មហាជននៅក្នុងខេត្តកំពង់ឆ្នាំង បានសាទរចំពោះលោក អ៊ិត សុធា ព្រះរាជអាជ្ញា អយ្យការ អមសាលាដំបូងខេត្តកំពង់ឆ្នាំង និងលោកឧត្តមសេនីយ៍ទោ ខូវ លីស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដែលបានសហការ ដឹកនាំបង្ក្រាប គ្រឿងញៀន រួមទាំងបទល្មើសមួយចំនួនទៀត នៅក្នុងខេត្តកំពង់ឆ្នាំង ឲ្យមានការថយចុះ គួរឲ្យកត់សម្គាល់។

ទន្ទឹមនោះផងដែរ លោក អ៊ិត សុធា ព្រះរាជអាជ្ញា បានកោតសរសើរដល់លោកស្នងការ នគរបាលខេត្តកំពង់ឆ្នាំង និងលោកស្នងការរងទទួលបន្ទុក ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគ្រប់ស្ថាប័ន ពាក់ព័ន្ធដែលបានសហការបង្រ្កាបបទល្មើសគ្រឿងញៀនបានល្អប្រសើរ ។

ជាចុងក្រោយលោក ក៏សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងសហគមន៍ សិស្សានុសិស្ស រួមទាំងក្រុមយុវជនទាំងឡាយ សូមជៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនជាអាវុធបំផ្លាញអនាគត បំផ្លាញប្រទេសជាតិ និងគ្រួសារខ្លួនឯង ៕

មតិយោបល់