ព័ត៌មានជាតិ

ជិះម៉ូតូលឿនជ្រុលទៅបុករថយន្តពេញទំហឹង ស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់

បន្ទាយមានជ័យ: តាមសេចក្តីរាយការណ៍មកថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់បាក់ជើងម្នាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទី រសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិជំទាវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ប្រភេទតូចដឹកទំនិញ ពណ៌បៃតងចាស់ ពាក់ស្លាកលេខ បន្ទាយមានជ័យ2A-6370 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់) បើកបរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ បានបត់ឆ្វេង ស្របពេលនោះមានម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរី០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ1H-6342 ជិះដោយឈ្មោះ ឈិត គិមហុង ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅភូមិភ្នំត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី និងអ្នករួមដំណើរឈ្មោះ ហេន រតន: ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅភូមិអូរស្ងួត ឃុំអូរប្រាសាទ ក្នុងទិសដៅបញ្រ្ចាសគ្នា ដោយល្បឿនលឿន ចាប់ហ្វ្រាំងមិនជាប់ក៏ដួលបោកទៅប៉ះនិងរថយន្ត ដែលកំពុងបត់ចូលផ្ទះចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យជនរងគ្រោះទាំង២នាក់ របួសធ្ងន់និងស្លាប់ម្នាក់ពេលដឹកបញ្ជូនទៅដល់មន្ទីរពេទ្យ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែង ធ្វើការវាស់វែង និងកំណត់ហេតុ នឹងនាំយកម៉ូតូមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមង្គលបូរី រង់ចាំការដោះស្រាយពេលក្រោយ៕

មតិយោបល់