កណ្ដាលៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់ស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័ម ខណៈបើកម៉ូតូវ៉ាជែងរថយន្ដមួយគ្រឿងនៅខាងមុខ ដោយមិនប្រយ័ត្ន បណ្ដាលឲ្យប៉ះដៃចង្កូតដួល ធ្វើឲ្យរថយន្ដមួយគ្រឿងទៀត បើកច្រាស់ទិសគ្នាឈប់មិនទាន់ ក៏បានបុកជនរងគ្រោះតែម្ដង ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ តាមបណ្ដោយផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រ២៣.២៤ ស្ថិតក្នុងភូមិជ័យជំនះ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ។
មន្ដ្រីនគរបាលចរាចរណ៍ស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះស្លាប់ពុំទាន់ស្គាល់អត្ដសញ្ញាណ បើកបរម៉ូតូម៉ាក ហុងដាឃ្លីគ (Click) ធុនសេ១២៥ ពណ៌ស+ទឹកក្រូច ពាក់ស្លាកលេខ កណ្តាល1AH-6989 ។ ចំណែករថយន្ដម៉ាកព្រុស (Prus) ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2AZ-0065 បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ(រត់គេចខ្លួន) ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះជាអ្នកបើកម៉ូតូខាងលើ បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីជើងទៅត្បូង លុះមកជិតដល់កន្លែងកើតហេតុ ជនរងគ្រោះបានបន្ថែមល្បឿនម៉ូតូវ៉ាជែងរថយន្ដមួយគ្រឿងទៀតនៅខាងមុខ តែប៉ះដៃចង្កូតបានឲ្យជនរងគ្រោះដួលខ្ទាតចូលទៅក្នុងចំណែកផ្លូវម្ខាងទៀត ធ្វើឲ្យរថយន្ដព្រុស ដែលបើកបរច្រាស់ទិសគ្នា ឈប់មិនទាន់ក៏កិនជនរងគ្រោះ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតតែម្ដង ។
ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងនគរបាលចរាចរណ៍ស្រុក បានចុះធ្វើការពិនិត្យវាស់វែង កសាងសំណុំរឿងយកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង មកអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកសាកសពជនរងគ្រោះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកសាច់ញាតិដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់