ព័ត៌មានជាតិ

រថយន្តដឹកដីកៀរថយន្តកូរ៉ូឡាអូសជាង ១០០ម៉ែត្រ ខូចខាតមួយចំហៀងម្ចាស់ទារថ្លៃខូចខាត ២,០០០ដុល្លារ តែបញ្ចប់ត្រឹម ៩០០ដុល្លារ

ភ្នំពេញៈ រថយន្តFUSOដឹកដីមួយគ្រឿងបុកកៀរថយន្តកូរ៉ូឡាអូសជាង ១០០ម៉ែត្រ ខូចខាតមួយចំហៀងម្ចាស់រថយន្តទារថ្លៃខូចខាត ២,០០០ដុល្លារ តែភាគីបង្កសង ៩០០ដុល្លារបញ្ចប់រឿង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយមហាវិថី ឈ្នះ ឈ្នះ ក្នុងភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក FUSO ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3B-3479 បើកដោយយុវជនម្នាក់។
រថយន្តរងគ្រោះម៉ាក កូរ៉ូឡា ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2Q-1086 បើកដោយបុរសម្នាក់រួមដំណើរដោយប្រពន្ធម្នាក់និងកូន ២នាក់ទៀត។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តបង្ក និងរថយន្តរងគ្រោះ ធ្វើដំណើរស្របទិសគ្នាពីលិចទៅកើតតាមបណ្តោយមហាវិថីឈ្នះ ឈ្នះ ដោយរថយន្តរងគ្រោះបើកខាងមុខលុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្កបានបើកបុកកៀរចំហៀងខាងស្តាំរថយន្តរងគ្រោះអូសប្រមាណជាង ១០០ម៉ែត្រ រហូតដល់មានឧបសគ្គខាងមុខ ទើបរថយន្តបង្កឈប់ បណ្តាលឲ្យខូចខាតរថយន្ត ឬរងគ្រោះមួយចំហៀងខាងស្តាំហើយកូនប្រពន្ធ ដែលរួមដំណើរភ័យយំទ្រហឹងអើងកងរំពងរថយន្ត។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុ ភាគីដំណាងរថយន្តបង្ក បានមកសម្រួលធ្វើការដោះស្រាយជាមួយម្ចាស់រថយន្តរងគ្រោះ ដោយមុនដំបូងគាត់ទារថ្លៃខូចខាតចំនួន ២,០០០ដុល្លារ តែចុងក្រោយខាងភាគីបង្កជួយចេញថ្លៃការខូចខាតចំនួន ៩០០ដុល្លារបញ្ចប់រឿង៕

មតិយោបល់