ព័ត៌មានជាតិ

នារីបុគ្គលិក ហាង​ផឹក​ស៊ីអូ​នណ​យម្នាក់ ត្រូវជនសង្ស័យ ៨នាក់ វាយប្លន់យកលុយ​

​ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ស្ត្រី​ម្នា​ក់រង​ការ​ព្រួត​វាយ​ធ្វើបាន​ដោយ​យុវជន​មួយក្រុម​មាន​គ្នា​៨​នាក់​បណ្តាល​ឲ្យ​រងរបួស និង​ឆែកឆេរ​លើ​ខ្លួន​យកលុយ​អស់ ​១០០​ដុល្លារ លុះ​ព្រឹក​ឡើង​ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​បក្ខពួក​ជនសង្ស័យ​ម្នាក់ ។​
​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើហិង្សា (​ប្រើ​ដែក បំពង់​ទីប​វាយ​ប្លន់​យកលុយ​) នេះ​កើតឡើង​នៅមុខ​ដីឡូត៍​គ្មាន​លេខ ក្នុងភូមិ​យក​បាត្រ​១ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ កាលពី​ថ្ងៃទី ២២-០៥-២០២០ ម៉ោង​០០​និង​៣០​នាទី​កណ្តាល​អា​ធ្រា​ត​។​

​ជនរងគ្រោះ​ឈ្មោះ ដួង សៀង ភេទ​ស្រី អាយុ​ ២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បុគ្គលិក ហាង​ផឹក​ស៊ីអូ​នណ​យ ស្នាក់នៅ​ភូមិ​របោះ​អង្កាញ់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ ។​
​ជនសង្ស័យ​ឃាត់ខ្លួន ឈ្មោះ ចិន្តា តុលា ហៅ​តុ ភេទ​ប្រុស អាយុ ​២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងកាត់សក់ ស្នាក់នៅ​ភូមិ​របោះ​អង្កាញ់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ​។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ដើរចេញ​ពី​កន្លែងធ្វើការ​បំណង​ទៅផ្ទះ ។ ពេល​មក​ដល់ចំណុចកើតហេតុ ស្រាប់​តែមាន​ជនសង្ស័យ​០៨​នាក់ ឈ្មោះ​ចិន្តា តុលា​, ឈ្មោះ​ផ្លូច​, ឈ្មោះ​ម៉ែន និង​បក្ខពួក​០៥​នាក់​ទៀត​មិន​ស្គាល់ឈ្មោះ ជិះ​ម៉ូតូ​០៤​គ្រឿង មក​ឈប់​ជិត​ជនរងគ្រោះ រួច​ជនសង្ស័យ​ឈ្មោះ​ចិន្តា តុលា បាន​ស្រែកថា នេះហើយ​ប្រពន្ធ​អា​ប៊ិន ក៏​នាំគ្នា​ចុះ​វាយ​ជនរងគ្រោះ​ចំក្បាល និង​ដងខ្លួន រួច​ជនសង្ស័យ​ឈ្មោះ ផ្លូច យក​ដែក​បំពង់​ទីប វាយ​ជនរងគ្រោះ​ត្រង់​ពោះ​ចុក​ដួល​ទៅលើ​ផ្លូវ រួច​ពួកគេ​អូស​ជនរងគ្រោះ​ចូលក្នុង​ព្រៃ​ក្បែរ​នោះ​ឆែក​យកលុយ​ជនរងគ្រោះ​១០០​ដុល្លារ រួច​នាំគ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់អស់ ។​

​ប្រភពព័ត៌មាន​បន្តថា លុះដល់​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង ​១១​និង​៣០​នាទី សមត្ថកិច្ច​ឃាត់ខ្លួន​បាន​សង្ស័យ​ម្នាក់ ឈ្មោះ ចិន្តា តុលា នៅ​ភូមិ​របោះ​អង្កាញ់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រួម​និង​ម៉ូតូ​ ០១​គ្រឿង ​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ ចាត់ការ​តាមច្បាប់ ៕

មតិយោបល់