ផ្ទះ ព័ត៌មានជាតិ ស្រវឹងស្រាឈ្ល...

ស្រវឹងស្រាឈ្លោះជាមួយប្រពន្ធយកជំពាមកៅស៊ូបាញ់បែកគ្រាប់ភ្នែករបួសធ្ងន់

0

បន្ទាយមានជ័យ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នគរបាលស្រុកភ្នំស្រុកបានចាប់ខ្លួនបុរសវ័យចំណាស់ម្នាក់បានឈ្លោះប្រកែកជាមួយប្រពន្ធរហូតប្រើហិង្សាយកជំពាមកៅស៊ូបាញ់ប្រពន្ធចំភ្នែកបណ្តាលឲ្យរងរបួសធ្ងន់។ការឈ្លោះគ្នារវាងប្តីប្រពន្ធនេះកើតឡើងនៅវេលាម៉ោង៦និង០០នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០​ ស្ថិតនៅក្នុងភូមិត្រពាំងថ្មខាងត្បូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

លោកអនុសេនីយ៍ទោឡុងស៊ីដានាយប៉ុស្តិ៍ប៉ោយចារបានឲ្យដឹងថា៖ជនបង្កជាប្តីមានឈ្មោះញ៉ិប ញ៉ែម ភេទប្រុស អាយុ៦៧ឆ្នាំ ចំណែកប្រពន្ធមានឈ្មោះណក់ ហេវ ភេទស្រី អាយុ៥៧ឆ្នាំរស់នៅភូមិត្រពាំងថ្មខាងត្បូងឃុំប៉ោយចារស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ។

លោកអនុសេនីយ៍ទោឡុងស៊ីដាបានបញ្ជាក់ឲ្យដឹងទៀតថានៅមុនពេលកើតហេតុនោះជនបង្កជាប្តីបានមកពីផឹកស្រាស្រវឹងជោកមកដល់ផ្ទះក៏បានរករឿងប្រពន្ធនិយាយស្តាប់គ្នាមិនបានក៏ឈានដល់បង្កហិង្សាដោយប្តីបានយកជំពាមកៅស៊ូបាញ់ទៅលើប្រពន្ធត្រូវចំគ្រាប់ភ្នែកខាងស្តាំបណ្តាលឲ្យរបួសធ្ងន់បែកគ្រាប់។

ក្រោយពីកើតហេតុអ្នកជិតខាងបានដឹកជនរងគ្រោះរថយន្តបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តមិត្តភាពកម្ពុជា-ជប៉ុនស្រុកមង្គលបូរីដើម្បីសង្គ្រោះបន្ទាន់។ចំណែកជនបង្កហេតុត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌនិងកម្លាំងប៉ុស្តិ៍ប៉ោយចារចុះបង្ក្រាបឃាត់ខ្លួនបាននាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រុកនិងកសាងសំណុំរឿងមកស្នងការដ្ឋានដើម្បីកសាងសំណុំរឿងបន្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕

 

មតិយោបល់