ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យុវជនម្នាក់បានរងរបួសបែកក្បាល ចូលពេទ្យដេរអស់៣ថ្នេរ ដោយសារត្រូវភាគីជម្លោះយកបំពង់ទឹកក្តៅគប់ ផ្តើមចេញពីទំនាស់ក្នុងវង់ផឹកស៊ី ។ ករណីនេះកើតឡើងនៅមុខផ្ទះគ្មានលេខ ភូមិព្រែកធំ១ សង្កាត់ ក្បាលកោះ ខណ្ឌច្បារអំពៅ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ម៉ោង២០និង៣០នាទី ។
ជនរងគ្រោះឈ្មោះ វី ចន្ទ្រី ភេទ ប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិកើតហេតុ ។ ចំណែកជនសង្ស័យឈ្មោះ ឡឹក វាសនា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិកើតហេតុ។
តាមព័ត៌មានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ និងជនសង្ស័យអង្គុយផឹកស្រាជាមួយគ្នា(ចំណុចកើតហេតុ) រួចជនសង្ស័យសួរជនរងគ្រោះថា អ្ហែងស្គាល់វត្តប៉ុន្មាននៅស្រុកកំណើត? ជនរងគ្រោះក៏ស្រែកខ្លាំងៗថា អញអត់ស្គាល់ទេ! ក៏មានទំនាស់គ្នា ត្រូវបានមិត្តភក្តិជួយឃាត់ រួចជនរងគ្រោះក៏ដើរចេញ ពេលនោះជនសង្ស័យហៅវាយគ្នាមួយស្មើ ជនរងគ្រោះក៏ដើរចូលមកវិញ ។ ស្រាប់តែជនសង្ស័យយកបំពង់ទឹកក្តៅគប់ជនរងគ្រោះចំក្បាលបណ្តាលឲ្យបែក ពេលនោះម្តាយជនរងគ្រោះក៏ទូរស័ព្ទប្រាប់សមត្ថកិច្ចចុះទៅឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ធ្វើការសាកសួរ ។
បច្ចុប្បន្ន ជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកច្បារអំពៅដេរ៣ថ្នេរ ៕

មតិយោបល់