ព័ត៌មានជាតិ

ក្មេងសិស្សសាលា ជិះម៉ូតូឌុបតាអាយុ៦៨ឆ្នាំ បត់ឆ្លងផ្លូវ ត្រូវរថយន្តបុកពេញទំហឹង ដួលរងរបួសធ្ងន់ទាំងពីរនាក់

តាកែវ: នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០៧និង៦នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យរងរបួសធ្ងន់២នាក់ នៅត្រង់ចំណុចភូមិខ្លែង ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេ់ត្តតាកែវ ។

សមត្ថកិច្ចបានឲ្យដឹងថា មានម៉ូតូ១គ្រឿងម៉ាក ហុងដា C១២៥ ស៊េរី២០១២ មានពណ៌ខ្មៅ ពាក់ផ្លាក់លេខតាកែវ 1H3364 បើកបរដោយឈ្មោះ អេន វាសនា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាសិស្ស រស់នៅឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ បើកបរពីទិសខាងត្បូង ទៅទិសខាងជើង និងមានអ្នករួមដំណើរជាមួយឈ្មោះ គយ គន ភេទប្រុស អាយុ៦៨ឆ្នាំ មុខរបរកសិករ រស់នៅជាមួយគ្នា ពេលមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវ ស្របពេលនោះ ក៏មានរថយន្តមួយគ្រឿង ម៉ាកលុចស៊ីស 330 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AJ0195 បានបុកម៉ូតូជនរងគ្រោះពេញទំហឹង បណ្តាលឲ្យដួលរងរបួសធ្ងន់ទាំងពីរនាក់ ។ រីឯតៃកុងឡាន បានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។ ភ្លាមៗនោះជនរងគ្រោះ ត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលបន្ទាន់ផងដែរ ។

រីឯវត្ថុតាងសមត្ថកិច្ចមូលដ្ឋានបានចុះវាស់វែងយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកទ្រាំង ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់