ព័ត៌មានជាតិ

រថយន្តដឹកដី១គ្រឿង បើកលឿនមិ​នប្រយ័ត្ន បុកម៉ូតូស្រ្តីកសិករម្នាក់ បណ្តាលឲ្យដួលរងរបួសធ្ងន់

កណ្តាលៈ នៅថ្ងៃពុធ ៦កើតខែ ជេស្ឋ ឆ្នាំជូត ទោ ស័កព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ខែ ឧសភា ឆ្នាំ២០២០ វេលាម៉ោង១៦និង១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបុកគ្នា បណ្ដាលឲ្យរបួសធ្ងន់ស្រ្តីម្នាក់ នៅលើកំណាត់ផ្លូវលេខ៣៨០ ស្ថិតក្នុងភូមិទួលមាស ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ។

សភាពនៃរឿងហេតុ៖ នៅមុនពេលកើតហេតុ មានរថយន្តបង្កមួយគ្រឿងម៉ាក NISSAN DIESEL ពណ៌ខ្មៅ លាយក្រហម ពាក់ផ្លាកលេខ PP-2990 (ចង្កូតស្តាំ) ប្រភេទដឹកដី អ្នកបើកបររត់គេចខ្លួនមិនស្គាល់អត្តសញ្ញាណ បើកបរមានទិសដៅពី (ពីលិទៅកើត) ពីអរិយក្សត្រទៅសារិកាកែវ ពេលបើកដល់ចំណុចកើតហេតុ ក៏បានបុកចំពីក្រោយម៉ូតូមួយគ្រឿង ដែលបើកបរក្នុងទិសដៅស្របគ្នា បណ្តាលឲ្យដួលម៉ូតូម៉ាក Honda Beat C125 ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ1HS-4910 បើកបរឈ្មោះប៉ោ មួយហួរ ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ ទួលមាស ឃុំ អរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល របួសធ្ងន់ ពាក់មួកសុវត្តិភាព អ្នករបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យឯកជននៅឃុំអរិយក្សត្រ ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ករណីនេះបណ្ដាលមកពីអ្នកបើកបររថយ្ត NISSAN DIESEL បើកបរមានល្បឿនលឿន មិនបានមើលឧបសគ្គខាងមុខ ។ វត្ថុតាង សមត្ថកិច្ចបានយកទៅរក្សាទុក នៅអធិការនគរបាលស្រុកល្វាឯម ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់