សៀមរាបៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៥និង៣០នាទី មានភ្លៀងធ្លាក់មួយមេលាយឡំនឹងខ្យល់កន្ត្រាក់ បណ្តាលឲ្យបាក់រលំផ្ទះ និងដើមឈើ នៅក្រុងសៀមរាប ។
លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាបបានអោយដឹងថា ពេលកំពុងភ្លៀងធ្លាក់និងខ្យល់ខ្លាំង មានករណី ដើមច័ន្ទគិរីចំនួន០១ដើម ដែលដុះនៅខាងកើតស្តុបឡាប៉េ ស្ថិតក្នុង ភូមិ មណ្ឌល២ សង្កាត់ ស្វាយដង្គំ ក្រុង សៀមរាប ខេត្ត សៀមរាប បានដួលរលំមកលើផ្លូវ បណ្ដាលឲ្យកកស្ទះចរាចរណ៍មិនអាចធ្វើដំណើរបាន តែមិនបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិ រឺ គ្រោះថ្នាក់ដល់នរណាម្នាក់ឡើយ ។
ក្រោយកើតហេតុ កម្លាំងគណៈបញ្ជាការឯកភាពក្រុងបានមកកាត់ និង យកដើមឈើនោះចេញពីលើផ្លូវ ហើយបើកផ្លូវអោយធ្វើដំណើរបានធម្មតាវិញ ។
លោកវរសេនីយ៍ឯក ក៏បានបន្តទៀតថានៅចំណុចក្រុមទី៦ ភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុង/ខេត្តសៀមរាប មានករណីខ្យល់កន្ត្រាក់ បណ្ដាលឲ្យដួលរលំផ្ទះមួយខ្នងទំហំ ៦ x ៧ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំងស្លឹកក្រាលរនាប ខូចខាតទាំងស្រុង ។
ម្ចាស់ផ្ទះឈ្មោះ មាស ឆាន់ ភេទប្រុស អាយុ៤០ឆ្នាំមុខរបរកសិករ ។ ករណីនេះពុំបណ្ដាលឲ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋឡើយ ៕
មតិយោបល់