ភ្នំពេញ:លោក ហេង សុខណា ចៅក្រមជំនុំជម្រះក្តី នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ នេះ បានសម្រេចលើកពេល បើកសវនាការ លើអង្គសេចក្តី នៃសំណុំរឿង វាយអ្នកតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ ទៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ ខាងមុខបន្តទៀត។ ការលើកពេលនេះ ត្រូវបានលោកចៅក្រមរូបនេះ បញ្ជាក់ថា ដោយសារតែពេលវេលា មិនគ្រប់គ្រាន់។
នៅក្នុងសវនា ការពេញមួយព្រឹកនេះ សវនាការ បានសាកសួរដេញដោល លើជនជាប់ចោទឈ្មោះ ចាយ សិទ្ធ តែម្នាក់គត់។ ជនជាប់ចោទឈ្មោះ ចាយ សារិទ្ធ ភេទ ប្រុស អាយុ ៣៣ឆ្នាំ មុខរបរ យោធា មានទីលំនៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បានសារភាពថា ខ្លួនពិតជាបានវាយ អ្នកតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ ពិតប្រាកដមែន ដោយសារតែអ្នកតំណាងរាស្ត្រនោះ បានជេរប្រមាថខ្លួនថា ជាអាយ៉ងយួន។ ប៉ុន្តែជនជាប់ចោទ បដិសេធថា ខ្លួនមិនបានវាយរថយន្ត អ្នកតំណាងរាស្ត្រ ទាំងនោះទេ។ ជនជាប់ចោទ បាន សារភាពថា ខ្លួនពិតជាខុសមែន ទើបសុខចិត្តចូលខ្លួនសារភាព ពីទោសកំហុសបែបនេះ។
ដោយឡែក ជនជាប់ចោទ ចំនួន ២នាក់ទៀត ឈ្មោះ ម៉ៅ ហឿន ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅ ឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង និងឈ្មោះ ស៊ុត វណ្ណនី ភេទប្រុស អាយុ ៤៥ឆ្នាំ មានទីលំនៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មិនទាន់ត្រូវបាន សវនាការ ធ្វើការសាកសួរដេញដោល នៅឡើយទេ នៅព្រឹកនេះ។
សូមជម្រាបថា ជនជាប់ចោទទាំង ៣ខាងលើ ត្រូវបានលោក ស៊ិន វីរៈ តំណាងអយ្យការ ចោទប្រកាន់ ចំនួន ២បទចោទ គឺ បទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និង បទធ្វើឲ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស យោងតាមមាត្រា២១៨ និងមាត្រា៤១១ នៃក្រមព្រហ្មទណ្ឌ។
គួររំឮកថា ជនជាប់ចោទទាំង ៣នាក់ បានចេញមកបង្ហាញខ្លួន នៅចំពោះមុខ គណៈកម្មការស្រាវជ្រាវ ស៊ើបអង្កេត ករណីបង្ករបួសស្នាម លើអ្នកតំណាងរាស្ត្ររបស់ក្រសួងមហាផ្ទៃ កាលពីវេលាម៉ោង០៤ និង៣០នាទី រសៀលថ្ងៃទី០៣ ខែ វិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅ នៅក្រោយពេល ដែលពួកគេ បានធ្វើសកម្មភាពហិង្សា លើអ្នកតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ លោក គង់ សុភា និង លោក ញ៉យ ចំរើន បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ និងសន្លប់ នៅក្រៅវិមានរដ្ឋសភា កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ខណៈអ្នកទាំងពីរ ជិះរថយន្តបម្រុងនឹងចេញពី រដ្ឋសភា ក្រោយរងរបួសអ្នកតំណាងរាស្ត្រទាំង ២នាក់ ត្រូវបានបញ្ជូន ទៅព្យាបាលលនៅមន្ទីរពេទ្យ នាទីក្រុងបាងកក ប្រទេសថៃ៕
មតិយោបល់