ព័ត៌មានជាតិ

ស្ត្រីម្នាក់ ​ស្រវឹងស្រា បើករថយន្តម៉ាស័រដា បុករះម៉ូតូកង់បីឥណ្ឌាចំនួន ៣ គ្រឿង រងការខូចខាត

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តម៉ាស័រដា១គ្រឿង បើកបរដោយស្ត្រីម្នាក់ ក្នុងស្ថានភាពស្រវឹងខ្លាំង ជាមួយល្បឿនយ៉ាងលឿន បានរេចង្កូតបុករះម៉ូតូកង់បីឥណ្ឌាចំនួន៣គ្រឿង ដែលឈប់ចតស្ងៀម នៅលើចិញ្ចើមផ្លូវ។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ៨និង១០នាទីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចច្រកចូលបុរីជីបម៉ុងឡេន តាមបណ្ដោយផ្លូវ១៥០០ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ដំណើររឿង៖ ដំបូងទ្បើយ គេឃើញស្ត្រីម្នាក់ស្រវឹងស្រា បានបើករថយន្ត១គ្រឿងម៉ាក ម៉ាស័រដា CX-5 ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 2AX-1268 និងក្មេងប្រុសម្នាក់ ដែលត្រូវជាកូន រួមដំណើរជាមួយ ធ្វើដំណើរពីជើងទៅត្បូង តាមបណ្ដោយផ្លូវ១៥០០ ក្នុងល្បឿយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ក បានរេចង្កូតទៅខាងស្ដាំដៃ ទៅបុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងម៉ាកបាចា ពណ៌ស ពាក់ផ្លាកលេខ ព្រៃវែង 1P-6829 ដែលកំពុងឈប់ចតស្ងៀម នៅលើចិញ្ចើមផ្លូវ បណ្ដាលឲ្យខ្ទាតទៅបុកផ្ទុប និងបង់ថ្ម ដែលនៅលើខឿន រងការខូចខាតទាំងបង់ថ្មី និងម៉ូតូកង់បីឥណ្ឌាស្ទើរទាំងស្រុង។ ចំណែករថយន្តបង្ក មិនទាន់អស់ល្បឿន ក៏បន្តទៅបុកម៉ូតូកង់បីឥណ្ឌាចំនួនពីរគ្រឿងទៀត ដែលកំពុងឈប់ចតស្ងៀមនៅលើចិញ្ចើមផ្លូវជាមួយគ្នា។

ដោយមួយគ្រឿងម៉ាកបាចា ពណ៌លឿង ពាក់ផ្លាកលេខ ត្បូងឃ្មុំ 1F-7154 រងការខូចខាតស្ទើរទាំងស្រុង និងមួយគ្រឿងទៀត ម៉ាកបាចា ពណ៌លឿង ពាក់ផ្លាកលេខ ព្រៃវែង 1M-5956 រងការខូចខាតបន្តិចបន្តួច។ ដោយទ្បែករថយន្តបង្ក បានខូចខាតក្រពឹតផ្នែកខាងមុខចំហៀងខាងស្តាំយ៉ាងដំណំ តែសំណាងល្អ មិនបង្កឲ្យមាននរណាម្នាក់ រងរបួសនោះទេ។

ភ្លាមៗនោះអ្នកបើករថយន្តបង្ក មិនព្រមចុះពីលើរថយន្តមកធ្វើការដោះស្រាយទេ បានព្យាយាមបើករថយន្ត គេចចេញពីកន្លែងកើតហេតុ ក៏ត្រូវម្ចាស់ម៉ូតូកង់បី រួមជាមួយសមត្ថកិច្ចមូលដ្ឋាន ចុះមកជួយធ្វើការអន្តរាគមន៍ផងដែរ។

មួយសន្ទុះក្រោយមក គេឃើញមានខាងតំណាងរថយន្តបង្ក បានចេញមុខមកធ្វើការដោះស្រាយ ទទួលសុខត្រូវ ទៅលើម៉ូតូកង់បីឥណ្ឌាទាំង៣គ្រឿង។ ដោយសារអ្នកបើករថយន្តបង្ក ស្រវឹងខ្លាំងពេក ទើបសមត្ថកិច្ចមូលដ្ឋាន ធ្វើការឃាត់ខ្លួន នាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការវាស់ជាតិអាកុល។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះវាស់វែង រួចនាំម៉ូតូកង់បីឥណ្ឌាទាំង៣គ្រឿង និងរថយន្តបង្ក រួមទាំងអ្នកបើកបរ ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់