ព័ត៌មានជាតិ

យាយតា ២នាក់ ប្ដីប្រពន្ធជិះម៉ូតូឌុបគ្នាបត់ឆ្វេង ត្រូវរថយន្តបុក បណ្ដាលឲ្យរងរបួសធ្ងន់

បន្ទាយមានជ័យ: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ប្តីប្រពន្ធវ័យចំនាស់ ២នាក់ បានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូ ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង ៩និង៥០នាទីព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ក្នុងទីប្រជុំជនលើកំនាត់ ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៧២-៣៧៣ ស្ថិតនៅភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ទោ សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា ជនរងគ្រោះអ្នកបើកបរម៉ូតូឈ្មោះ ស្មឿន ចម្រើន ភេទប្រុស អាយុ ៨៥ឆ្នាំ និង អ្នករួមដំណើរជាប្រពន្ធឈ្មោះ ងុន សឿង ភេទស្រី អាយុ៦១ឆ្នាំ រស់នៅ ភូមិធ្មេញត្រី ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1FK 8167 ។

លោកអធិការបានបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះ២នាក់ប្តីប្រពន្ធបានបើកម៉ូតូជិះឌុបគ្នា មកពីទិសខាងកើតទៅលិច ពេលមកចំណុចកើតហេតុ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៧២-៣៧៣ ស្ថិតនៅ ភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ បានបត់ឆ្វេង ស្របពេលនោះមានរថយន្ត១គ្រឿងម៉ាកស៊ីណា ពណ៌ទឹកមាស ពាក់ស្លាក​លេខ បាត់ដំបង 2B 9679 បើកក្នុងល្បឿនលឿន ពីទិសខាងកើតទៅលិចស្របទិសគ្នា បានបុកម៉ូតូបត់ឆ្វេងនោះបណ្តាលឲ្យ យាយ តា ២នាក់ប្តីប្រពន្ធរងរបួសធ្ងន់ទាំង២នាក់ ត្រូវបានដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ អ្នកបើកបររថយន្តក្រោយកើតហេតុបានរត់គេចខ្លួនបាត់ ។មូលហេតុបង្កឲ្យកើតមានគ្រោះថ្នាក់នេះ គឺបណ្តាលមកពី អ្នកបើកបរម៉ូតូពេលប្តូរទិស មិនបានប្រយ័ត្ន ចំណែករថយន្ត បើកក្នុងល្បឿនលឿន ៕

មតិយោបល់