បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់បានរងរបួសបាក់ភ្លៅម្ខាង ចំណែកកូនប្រុសអាយុ៥ឆ្នាំរងរបួសស្រាល ខណៈបើកម៉ូតូជ្រុលបុកពីក្រោយរថយន្តខូចឈប់នៅលើផ្លូវ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២០និង៣៥នាទី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះបង្គោលខ្សែភ្លើងលេខ០២៤៣-០២៤៤ ស្ថិតនៅភូមិគោកលុន ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ ស្រី សៅរ៍ ភេទប្រុស អាយុ ៣០ឆ្នាំ នៅភូមិគោកពង្រ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បើកបរម៉ូតូម៉ាកវីវ៉ា ពណ៌ក្រហម គ្មានស្លាកលេខ និងអ្នករួមដំណើរឈ្មោះ ពៅ វិសា ភេទប្រុស អាយុ ៥ឆ្នាំ នៅភូមិជាមួយ ត្រូវជាកូនបង្កើត ។
លោកអធិការបានបញ្ជាក់ថា៖ មុនពេលកើតហេតុ ជនរងគ្រោះបានបើកម៉ូតូជូនមិត្តភ័ក្ត្រត្រឡប់ទៅផ្ទះវិញ ដោយមានកូនអាយុ៥ឆ្នាំទៅជាមួយ ។ ពេលជូនមិត្តភ័ក្ត្រដល់ផ្ទះត្រឡប់មកវិញ ក៏ជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយបើកម៉ូតូក្នុងទិសដៅពីលិចទៅកើត ពេលដល់ចំណុចកើតហេតុក៏ជ្រុលបុករថយន្តគ្រឿងម៉ាក DVO ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 3F-1121 ពីក្រោយដែលខូចឈប់ចតលើគន្លងម៉ូតូ ស្របទិសគ្នា បណ្តាលឲ្យអ្នកបើកម៉ូតូជាឪពុកបាក់ភ្លៅខាងស្តាំរបួសធ្ងន់ និងកូនចុងដង្ហើមរបួសស្រាល ។
បន្ទាប់ពីកើតហេតុ ជនរងគ្រោះទាំង២នាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី ។ ចំណែករថយន្តនិងម៉ូតូ នគរបាលចរាចរណ៍ស្រុកយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕



មតិយោបល់