ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនអ្នកចាំចម្ការម្នាក់ ក្នុងចំណោមបក្ខពួក ៣នាក់ បន្ទាប់ពីគាស់ដំបូលផ្ទះលួចស្រាអស់ ១០ដប សរុបទឹកប្រាក់ ១,៤០០$

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្នុងចំណោមបក្ខពួក ៣នាក់ បន្ទាប់ពីលួចស្រាសរុបទឹកប្រាក់ចំនួន១,៤០០$ កាលពីវេលាម៉ោង១២និង២០នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅផ្ទះក្នុងចម្ការភូមិបឹងធំ១ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើមានឈ្នោះ ជឿន ចានធឿន ហៅ ឡឺម ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅក្នុងភូមិបឹងធំ១ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ប៉េង គ្រុយ ភេទប្រុស អាយុ ៦៨ឆ្នាំ មុខរបរអាជីវករ ស្នាក់នៅផ្ទះលេខ៩០ ផ្លូវ៦៣ ភូមិ១២ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

សម្ភារ:បាត់បង់រួមមាន៖ ស្រា ម៉ាកXO ចំនួន៤ដប និងបាឡង់ទីន ចំនួន ៦ដប សរុបជាទឹកប្រាក់អស់ចំនួន១,៤០០$ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យ និងបក្ខពួក ២នាក់ទៀត បានធ្វើសកម្មភាពគាស់ដំបូលផ្ទះ និងដាក់ជណ្តើរសម្រាប់ឡើងធ្វើសកម្មភាពលួចតែម្តង។

រហូតមកដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ទើបជនរងគ្រោះ និងប្រពន្ធបានចេញពីផ្ទះ មកមើលដីចម្ការរបស់ខ្លួននៅកន្លែងកើតហេតុ រួចបានបើកទ្វារបន្ទប់ចូល ក៏ពិនិត្យមើលឃើញមានស្នាមដោះដំបូលក្បឿង និងខូចគន្លឹះទ្វា រួចបើកទូស្រាមើល ស្រាប់តែបាត់ស្រាអស់១០ដប ម៉ាកXO៤ដប និងបាឡង់ទីន៦ដប ដោយសរុបជាទឹកប្រាក់អស់ចំនួន១,៤០០$ ។
បន្ទាប់មកជនរងគ្រោះក៏បានហៅ ជឿន ចានធឿន ហៅ ឡឺម ជាអ្នកចាំចម្ការ មកសួរនាំ ស្រាប់តែជនសង្ស័យសារភាពថា ពិតជាលួចពិតប្រាកដ៏មែន ទើបឃាត់ខ្លួនឲ្យសមត្ថកិច្ចតែម្តង។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅផ្នែកជំនាញ នៃអធិការខណ្ឌ ដើម្បកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕

មតិយោបល់