ព័ត៌មានជាតិ

Update៖ ឆេះផ្ទះ១ល្វែងស្តុកសម្ភារៈវេចខ្ចប់ ប្រអប់ស្នោ និងកែវជ័រ រងការខូចខាតអស់ទាំងស្រុង

ភ្នំពេញ: យោងតាមផេក​ ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ផ្ទះ០១ល្វែង ទំហំ៤ម៉ែត្រx១៦ម៉ែត្រ ស្តុកលក់សម្ភារ:វេចខ្ចប់ ប្រអប់ស្នោ និងកែវជ័រ នៅខណ្ឌពោធិ៍សែនជ័យ ត្រូវបានអគ្គិភ័យឆាបឆេះរងការខូចខាតអស់ ទាំងស្រុង កាលពីវេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ ទី១៦ ខែធ្នូ ឆ្នាំ២០២១ នៅចំណុច ផ្ទះលេខ៤៤J៣ សិ្ថតនៅផ្លូវ បេងតុង លេខ៣៨E៤ ភូមិត្រពាំងល្វា២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ខណ:នោះកម្លាំងនគរបាលបង្ការពន្លត់ និងសង្រ្គោះអគ្គិភ័យ រាជធានីភ្នំពេញ បានបញ្ចេញរថយន្តទឹកចំនួន២២គ្រឿង និងមានការចូលរួមសហការ ពីរថយន្តទឹកក្រុមហ៊ុនឯកជនស្រាបៀរអង្គរ ០១គ្រឿង ដោយបានប្រើប្រាស់ទឹកសរុប៤៦រថយន្ត ជួយអន្តរាគមន៍បាញ់ពន្លត់អគ្គិភ័យនេះ ឱ្យរលត់ទាំងស្រុង ដោយបានទប់ស្កាត់មិនឱ្យអគ្គិភ័យទៅរាលដាលឆាបឆេះផ្ទះ អ្នកជិតខាង ០២ល្វែងក្បែរនោះថែមទៀតនោះឡើយ ហើយអគ្គិភ័យនេះក៏មិនបង្កឱ្យគ្រោះថ្នាក់ បាត់បង់អាយុជីវិត ឬរងរបួសប្រជាពលរដ្ឋណាម្នាក់នោះដែរ ។

ខណ:ដែលអគ្គិភ័យបានកើតឡើង នៅខណ្ឌពោធិ៍សែនជ័យនេះផងដែរ សេចក្តីរាយការណ៍ពីការិយាល័យនគរបាល បង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យដឹងថាអគ្គិភ័យនៅក្នុងរាជធានីភ្នំពេញ រយ:ពេល១៦ថ្ងៃចុងក្រោយនេះ បានកើតឡើងចំនួន១៤ករណីនោះ ហើយក្នុងនោះបានបង្កឱ្យរងការខូចខាត ទ្រព្យសម្បត្តិ និងបង្ករងរបួស បាត់បង់អាយុជីវិត ប្រជាពលរដ្ឋមួយចំនួនផងដែរ ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញប្រាប់ឱ្យដឹងថា អគ្គិភ័យខាងលើកើតឡើង បង្កដោយឆ្លងចរន្តអគ្គិសនី ដែលមានម្ចាស់ផ្ទះឈ្មោះ លី ឃុន ភេទប្រុស អាយុ៤០ឆាំ្ន ប្រកបមុខរបរជាអាជីវករ ។

លោកនាយការិយាល័យ បានប្រាប់ឱ្យដឹងទៀតថា ខណ:ដែលអគ្គិភ័យកំពុងកើតឡើង គឺម្ចាស់ផ្ទះនៅក្នុងផ្ទះជាធម្មតា ដោយភ្លើងចាប់ផ្តើមឆ្លងឆេះចេញពីឡៅតឿជាន់ទី១ ដែលមានស្តុកគ្រឿងសម្ភារ:ប្រអប់ស្នោនិងកែវជ័រដែលនាំឱ្យភ្លើង ឆេះងំយ៉ាងសន្ធោសន្ធៅ និងមានផ្សែងខ្មៅខ្មួលខ្មាញ់ ដែលត្រូវបានកម្លាំងសង្រ្គោះអគ្គិភ័យ ចំណាយពេលពន្លត់ភ្លើង និងគ្រប់គ្រងស្ថានការណ៍ បានទាំងស្រុងរយ:ពេលជិត២ម៉ោង ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាល បង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះបានប្រាប់ឱ្យដឹងទៀតថា នៅក្នុងអំឡុងខែធ្នូនេះ ដែលមានរយ:ពេល១៦ថ្ងៃ គឺនៅរាជធានីភ្នំពេញគ្រោះអគ្គិភ័យ បានកើតឡើងចំនួន១៤ ករណីក្នុង នោះបានបង្កឱ្យស្លាប់មនុស្សម្នាក់ រងរបួសស្រាល០៣នាក់ និងបង្កឱ្យរងការខូចខាតទ្រព្យសម្បត្តិ ប្រជាពលរដ្ឋអស់ ជាច្រើនផងដែរ ។

លោកនាយការិយាល័យបានបញ្ជាក់ ប្រាប់ឱ្យដឹងទៀតថា ជុំវិញកិច្ចការងារអនុវត្តវិធានការ បង្ការទប់ស្កាត់អគ្គិភ័យនៅក្នុង រាជធានីភ្នំពេញ គឺកម្លាំងការិយាល័យជំនាញ បង្ការពន្លត់និងសង្រ្គោះអគ្គិភ័យ អនុវត្តតាមគោលការណ៍ដឹកនាំបញ្ជាដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញក៏បានចុះទៅ សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចតាមមូលដ្ឋាននានា ដើម្បីផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋនាំគ្នាចូលរួមបង្ការទប់ ស្កាត់គ្រោះ អគ្គិភ័យនេះ ដោយបានណែនាំប្រជាពលរដ្ឋ ឱ្យចេះអំពីបច្ចេកទេសសង្រ្គោះបឋមតាមរយ:នៃការប្រើប្រាស់ ឧបរកណ៍បំពង់ឧស្ម័នបាញ់ពន្លត់អគ្គិភ័យ និងការណែនាំឱ្យប្រជាពលរដ្ឋ ត្រូវនាំគ្នាប្រុងប្រយ័ត្នខ្ពស់បំផុត ពីបញ្ហាអគ្គិភ័យនេះ តាមរយ:ការត្រួតពិនិត្យយកចិត្តទុកដាក់ ទៅលើការប្រើប្រាស់សម្ភារ: ឧបករណ៍អគ្គិសនី ការដុតភ្លើងទៀនធូបនិងការ ប្រើប្រាស់ចង្រ្កានហ្គាស នៅក្នុងផ្ទះតាមហាង ក្រុមហ៊ុន ឱ្យបានត្រឹមត្រូវ ដើម្បីបញ្ចៀសនូវបញ្ហាកើតឡើងនូវគ្រោះ អគ្គិភ័យជាយថាហេតុណាមួយនោះ ៕

មតិយោបល់