ព័ត៌មានជាតិ

ករណីបំបែកសំណុំរឿងអំពើប្លន់០២ករណីផ្សេងគ្នា ឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាជួញដូរសារធាតុញៀន ប្លន់ប្រដាប់អាវុធយកកាបូបដាក់មាស និងអារកយកម៉ូតូ

ភ្នំពេញ: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមកម្លាំងនគរបាលរាជធានីភ្នំពេញចុះអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ រយ:ពេល ០២ថ្ងៃចុងក្រោយនេះបានចេញប្រតិបត្តិការបំបែកសំណុំរឿងប្លន់ប្រដាប់អាវុធយកកាបូបដាក់មាស និងប្លន់អារកយកម៉ូតូពីជនរងគ្រោះ ចំនួន០២កណីផ្សេងគ្នានៅក្នុងរាជធានីភ្នំពេញ។
បង្រ្កាបចាប់ខ្លួនជនសង្ស័យ០៤នាក់ និងវត្ថុតាងកាំភ្លើងខ្លី០២ដើមរួមនឹងគ្រឿងញៀនជាច្រើនផងដែរ ការបង្រ្កាបអំពើប្លន់បានសម្រេចនៅពេលនេះ គ្រាដែលរបាយការណ៍បានឱ្យដឹងថាក្នុងរយ:ពេល ០១ខែចុងក្រោយកន្លងទៅនេះកម្លាំងនគរបាលរាជធានីភ្នំពេញបានស្រាវជ្រាវស៊ើបអង្កេតបង្រ្កាបបទល្មើសឧក្រិដ្ឋចំនួន០៨ករណីនិងចាប់ឃាត់ខ្លួនជនសង្ស័យ១៤នាក់យកទៅចាត់ការតាមផ្លូវច្បាប់រួចហើយ។
ករណីទី០១ បើយោងតាមរបាយការណ៍របស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ឱ្យដឹងថាកាលពីថ្ងៃទី១៤ ខែឧសភា កន្លងទៅនេះ មានជនសង្ស័យ០៣នាក់ប្រដាប់អាវុធខ្លី០២ដើមបានស្ទាក់ប្លន់យកកាបូបដាក់មាសពីស្រ្តីរងគ្រោះម្នាក់ដែលជាអាជីវករអ្នកលក់មាសនៅផ្សារច្បារអំពៅ ស្ថិតនៅចំណុចមុខ ផ្ទះលេខ ៣៩២ ផ្លូវ៣៦៧ ភូមិកណ្តាល សង្កាត់ច្បារអំពៅ០២ ខណ្ឌច្បារអំពៅ ។ប៉ុន្តែករណីប្លន់យកកាបូបដាក់មាសគឺមិនបានមាសនោះទេ នៅក្នុងកាបូបនោះគ្មានមាសនោះឡើយមានតែទូរស័ព្ទនិងប្រាក់មួយចំនួនប៉ុណ្ណោះ ក្រោយពីធ្វើសកម្មភាពនោះជនសង្ស័យត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់សហការជាមួយកម្លាំងនគរបាលអធិការដ្ឋានខណ្ឌច្បារអំពៅ កម្លាំងនគរបាលខណ្ឌមានជ័យ និងកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃក្រោមការដឹកនាំកម្លាំងស្រាវជ្រាវបង្រ្កាបផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ឈានដល់បង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យជាបន្ត បន្ទាប់នៅចំនួន០៣នាក់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ក្នុងនោះដកហូតវត្ថុតាងកាំភ្លើងខ្លី ០២ដើមម៉ាកកា៥៩ បង់ចំនួន០២ និងគ្រាប់០៧គ្រាប់និង ដកហូតគ្រឿងញៀនចំនួន៤៧៨.៣២ក្រាម,ថ្នាំគ្រាប់ពណ៌កាប់ស្ទាំង ២៥គ្រាប់និងម៉ូតូចំនួន០២គ្រឿង។
ជនសង្ស័យទាំង០៣នាក់ ជាមុខសញ្ញាចាស់ប្លន់ទូមាសធ្លាប់ជាប់ ពន្ធនាគារម្តងរួចមកហើយនិងជាមុខសញ្ញាជួញដូរគ្រឿងញៀនផងដែរ ជនសង្ស័យទាំង០៣នាក់មានឈ្មោះ ភាង ភ័ណ្ឌ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ គ្មានមុខរបរពិតប្រាកដ ទីលំនៅខណ្ឌមានជ័យ,ឈ្មោះ ជា រ៉ាន់ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករអនាម័យ ទីលំនៅខណ្ឌមានជ័យ និងឈ្មោះ ហ៊ុយ សុខា ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិខ្មែរមុខរបរលក់ម្ហូប ទីលំនៅខណ្ឌកំបូល។
ករណីទី០២ កាលពីយប់ថ្ងៃទី២៧ ខែឧសភា កន្លងទៅនេះ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពដោយយកកូនកាំបិតអារកជនរងគ្រោះប្លន់យកម៉ូតូ ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ស្លាកលេខភ្នំពេញ១DK០៨៨៩ ប្រព្រឹត្តនៅចំណុចខាងមុខដីឡូត៍មួយកន្លែង ផ្លូវបុរីអង្គរ ក្រុម០១ ភូមិបឹងរាំង សង្កាត់ទួលសង្កែ២ ខណ្ឌប្ញស្សីកែវ ក្រោយដែលជនរងគ្រោះម្ចាស់ម៉ូតូបានឌុបជនសង្ស័យពីកន្លែងលេងហ្គមនៅចំណុចសង្កាត់ទឹកល្អក់០៣ ខណ្ឌទួលគោក មកដល់ចំណុចខាងលើក៏ត្រូវបានជនសង្ស័យទាញកូនកាំបិតលាក់ទុកក្នុងអាវ ធ្វើសកម្មភាពចាប់អារកជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់ហើយក៏យកម៉ូតូបាន សម្រេច។
ជនរងគ្រោះបន្ទាប់មកត្រូវបានគេដឹកបញ្ជូនយកទៅសង្រ្គោះជីវិតនៅមន្ទីរពេទ្យ ដោយឡែកជនសង្ស័យបន្ទាប់ពីធ្វើសកម្មភាពនោះហើយ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយនគរបាលប៉ុស្ថិ៍រដ្ឋបាលសង្កាត់ទួលសង្កែ០២ និងកម្លាំងនគរបាលខណ្ឌប្ញស្សីកែវ ស្រាវជ្រាវស៊ើបអង្កេត ឈានដល់ការចាប់ខ្លួនជនសង្ស័យនៅថ្ងៃទី៣០ ខែឧសភា កន្លងទៅនេះជនសង្ស័យឈ្មោះ នី សំណាង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកផ្នែកទីផ្សារ មានទីលំនៅខណ្ឌទួលគោក បានឆ្លើយសារភាពថារូបគេពិតជាប្លន់យកម៉ូតូជនរងគ្រោះ ដោយសារគេលេងហ្កេមចាញ់អស់ប្រាក់ ទើបបែកគំនិតប្លន់ម៉ូតូជនរងគ្រោះតែម្តង។
ជនសង្ស័យក្នុងអំពើប្លន់ទាំង០២ករណីខាងលើចំនួន០៤នាក់នៅរសៀលថ្ងៃទី០១ ខែមិថុនា ត្រូវបានកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់នោះហើយ ៕

មតិយោបល់