ព័ត៌មានជាតិ

នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ជិះម៉ូតូមើលទីតាំង ធ្វើសកម្មភាព លួចកាច់សោកម៉ូតូ

ភ្នំពេញ: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០០និង៣០នាទី សមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រខណ្ឌដង្កោ ដល់ចំណុចដីឡូតិ៍គ្មានលេខ ផ្លូវលំ ស្ថិតនៅភូមិប្រការ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានឃើញជនសង្ស័យឈ្មោះ មួន ប៊ុនរិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ កំពុងឈប់ម៉ូតូម៉ាកស្កូបពី ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1BH-7735 មានលេខតួ និងលេខម៉ាស៊ីន 0003513 ម្នាក់ឯងនៅក្នុងដីឡូតិ៍ខាងលើ ហើយមានការសង្ស័យ សមត្ថកិច្ចក៏បានឃាត់ធ្វើការឆែកឆេររកឃើញ សោចិញ្ចៀនលេខ១២ចុងសំប៉ែតស្រួច សម្រាប់កាច់សោកម៉ូតូចំនួន០១ ទួណឺវីសចំនួន០២ (មានដង០១, គ្មានដង០១), ដែកឆាបចំនួន០១, ដែកសរសៃរ៉ឺស័រសម្រាប់ឆ្កឹះសោផ្ទះចំនួន០២, ទូរស័ព្ទដៃម៉ាកណូគាចុចពិលពណ៌ខ្មៅចំនួន០១គ្រឿង នៅក្រោមកែបម៉ូតូរបស់ជនសង្ស័យ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ ពិតជាបានទិញសោចិញ្ចៀនលេខ១២ចុងសំប៉ែតស្រួច សម្រាប់កាច់សោកម៉ូតូចំនួន០១ និងទិញម៉ូតូម៉ាកស្កូបពីពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1BH-7735 មានលេខតួ និងលេខម៉ាស៊ីន 0003513 ហើយជិះម៉ូតូម៉ាកស្កូបពីខាងលើដើររកមើលទីតាំង សម្រាប់ធ្វើសកម្មភាពលួចកាច់សោកម៉ូតូរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញប្រាកដមែន ។ ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យខាងលើ រួមនឹងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ៕

មតិយោបល់