ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយមួយគ្រឿង បើកលឿនដាច់ហ្វ្រាំង បុករះម៉ូតូនិងរថយន្តជាច្រើនគ្រឿង បណ្តាលឲ្យស្រ្តី៣នាក់រងរបួស

ភ្នំពេញ: នៅវេលាម៉ោង០៧និង៤០នាទីយប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្តកូរេមួយគ្រឿង ក្នុងល្បឿនលឿនដាច់ហ្វ្រាំង ជ្រុលទៅបុករះជាច្រើនគ្រឿង បណ្តាលឲ្យនារី៣នាក់រងរបួស ទីតាំងស្ថិតតាមបណ្ដោយផ្លូវ៥៩៨ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តកូរេមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3A-2064 មានអ្នករួមដំណើរជាមួយពីរនាក់ទៅបីនាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ៥៩៨ ទិសដៅពីត្បូងទៅជើងមកដល់ចំណុចកើតហេតុ ផ្លូវមានសភាពកកស្ទះ ស្រាប់តែដាច់ហ្វ្រាំងជាន់មិនជាប់ រួចក៏ជ្រុលទៅបុកម៉ូតូ កង់បីបួនគ្រឿង និងរថយន្ត៣គ្រឿង នៅខាងមុខពេញទំហឹង បណ្តាលឲ្យរងការខូចខាត ក្នុងហេតុការណ៍នេះ មានស្រ្តី៣នាក់រងរបួស ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង យកវត្ថុតាងជាច្រើនគ្រឿងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ ៕

មតិយោបល់