ព័ត៌មានជាតិ

ភ្ញាក់ផ្អើល! បុរសម្នាក់ កំពុងបើកបរសុខៗ ស្រាប់តែធ្លាក់ពីលើម៉ូតូកង់បីឥណ្ឌា ស្លាប់បាត់បង់ជីវិត

ភ្នំពេញ: កាលពីវេលាម៉ោង ៦ និង ១០នាទីល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ៣៧១ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានការភ្ញាក់ផ្អើលខ្លាំងមួយ ដោយបុរសម្នាក់ បានធ្លាក់ពីលើកង់បី ស្លាប់បាត់បង់ជីវិត។

ជនរងគ្រោះឈ្មោះ វ៉ែន សុជាតិ អាយុ៣៨ឆ្នាំ បើកម៉ូតូកង់បីឥណ្ឌា ពាក់ផ្លាលេខ ភ្នំពេញ1HC-6744 រស់នៅផ្ទះគ្មានលេខផ្លូវលេខ៣៧១ ក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរជាអ្នករត់កង់បីឥណ្ឌា មានប្រពន្ធ និងកូន២នាក់។

ដំណើររឿង៖ ដំបូងទ្បើយ គេឃើញជនរងគ្រោះ បានបើកម៉ូតូកង់បីឥណ្ឌា ចេញពីផ្សារប៉េសេ ឆ្លងផ្លូវទៅឆ្វេងដៃ តាមបណ្ដោយផ្លូវ៣៧១ ទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចខាងលើ មិនជាយ៉ាងម៉េចស្រាប់តែជនរងគ្រោះ បានធ្លាក់ពីលើកង់បី បណ្ដាលឲ្យរងរបួសធ្ងន់។

ភ្លាមៗផងដែរ ប្រជាពលរដ្ឋនៅទៅតាំងកើតហេតុ បាននាំគ្នា ជួយសង្គ្រោះបឋម និងទាក់ទងហៅរថយន្តសង្គ្រោះ គ្លីនិកឯកជនមកដឹក យកទៅមន្ទីរពេទ្យ តែជាអកុសល ដល់ពាក់កណ្តាលផ្លូវ ជនរងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់ទៅ។

តាមការបញ្ជាក់ពីបងប្រុសបង្កើត របស់បុរសរងគ្រោះ បានឲ្យដឹងថា ប្អូនគាត់ មានជំងឺប្រចាំកាយ (បេះដូងរីក) លេបថ្នាំជាប្រចាំថ្ងៃ នៅវេលាកើតហេតុ សង្ស័យអស់កម្លាំង ឬវិលមុខហើយ ទើបជួបរឿងយ៉ាងនេះ៕

មតិយោបល់