ព័ត៌មានជាតិ

ក្មេងប្រុសអាយុ៦ឆ្នាំម្នាក់ស្លាប់ភ្លាមៗបន្ទាប់ពីត្រូវម៉ូតូបុករួចម្ចាស់គេចខ្លួនបាត់

បន្ទាយមានជ័យ: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ក្មេងប្រុសម្នាក់អាយុ០៦ឆ្នាំ បានបាត់បង់ជីវិតដោយសារម៉ូតូបុក ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោងង១១និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវលំក្រាលកៅស៊ូ ពីអូរស្ងួតទៅសំបួរ ត្រង់ចំណុចភូមិគោកក្តួច ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត បានឲ្យដឹងថា ៖ កុមារ៉ារងគ្រោះឈ្មោះ ណុំ នុ អាយុ០៦ឆ្នាំ នៅភូមិគោកក្រួច ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

លោកនាយរងការិយាល័យបានបញ្ជាក់ថា ៖ មុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះ បានដើរឆ្លងផ្លូវទិសដៅពីត្បូងទៅជើង ឆ្លងបានផុតដល់ចិញ្ចើមផ្លូវខាងជើងស្រាប់តែមានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1M-5722 បានបើកមានល្បឿនលឿន ក្នុងទិសដៅពីកើតទៅលិច បុកក្មេងប្រុសរងគ្រោះពីក្រោយពេញទំហឹង បណ្តាលឲ្យក្មេងប្រុសស្លាប់តែម្តង ចំណែកម៉ូតូដួលអ្នកបើកបររត់គេចខ្លួនបាត់ ទុកនៅតែម៉ូតូ ពេលនេះនគរបាលកំពុងធ្វើការស្រាវជ្រាវ។ក្រោយពីកើតហេតុកម្លាំងនគរបាលជំនាញចរាចរណ៍ស្រុក បានចុះដល់កន្លែងកើតហេតុ ក្រោយពីពិនិត្យរួចបានប្រគល់សពក្មេងប្រុសឲ្យឪពុកម្តាយចាត់ចែងធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូរបស់ជនបង្កល្មើស បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីស្រាវជ្រាវរកម្ចាស់ មកដោះស្រាយតាមច្បាប់៕

 

មតិយោបល់