ព័ត៌មានជាតិ

ប៉ងសម្លាប់ខ្លួន ២ដងមិនសម្រេច ឆ្លៀតពេលប្រពន្ធទៅផ្សារទិញម្ហូប ប្ដីទ្បើងលើផ្ទះ ធ្វើអត្តឃាត

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា កាលពីថ្ងៃទី០៣ ខែ មិថុនា ឆ្នាំ ២០២០ វេលាម៉ោង ១៧ និង៣០នាទី នៅចំណុច ផ្ទះរបស់ឈ្មោះ សែម ឡៃស៊ីម (ប្រពន្ធជនរងគ្រោះ ) ស្ថិតក្នុងភូមិព្រែកភូមិ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល មានករណីមនុស្សធ្វើអត្តឃាតសម្លាប់ខ្លួន។

ជនរងគ្រោះឈ្មោះ ហ៊ាម ហេន ភេទ ប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខបរ កសិករ មានទីលំនៅៗភូមិ ឃុំ កើតហេតុ។ វត្ថុតាងចាប់យកមាន ខ្សែនីឡុងពណ៌ស ប្រវែង០៦ម៉ែត្រ។

សភាពរឿងហេតុ តាមការសួរបំភ្លឺឈ្មោះ សែម ឡៃស៊ីម អាយុ ២៥ឆ្នាំ ត្រូវជាប្រពន្ធ ជនរងគ្រោះ បានឲ្យដឹងថា៖ រយៈកាលកន្លងមកជនរងគ្រោះ ធ្លាប់ប៉ុនប៉ងធ្វើអត្តឃាត ផឹកថ្នាំពុលពីរលើករួចមកហើយ តែត្រូវបានបង ប្អូនសាច់ញាតិជិតខាងជួយសង្រ្គោះទាន់ពេល។ លុះនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០វេលាម៉ោងប្រមាណ ១៥ និង៣០ នាទី គាត់ឃើញប្តី កំពុងធ្វើកិច្ចការងារនៅផ្ទះ ហើយគាត់ក៏បានចេញពីផ្ទះ ទៅទិញម្ហូបនៅផ្សារវត្តដើមពោធិ ក្នុងភូមិ ក្រោយពីរទិញម្ហូប ត្រឡប់មកផ្ទះវិញ មិនឃើញប្តី ឃើញតែទ្រនាប់ជើងនៅមាត់ជណ្តើរផ្ទះ នឹកស្មានថា ប្តីឡើងសម្រាន្តនៅលើផ្ទះ ទើបទៅចម្អិនម្ហូប អាហារ។ លុះនៅវេលាម៉ោងប្រមាណ១៧ និង ៣០នាទីថ្ងៃដដែល ក៏ឲ្យកូនឡើងទៅហៅ ជនរងគ្រោះ មកហូបបាយ តែកូនមកវិញប្រាប់ថា៖ ឪពុក បានធ្វើអត្តឃាតចង.ក ដោយខ្សែនីឡុង នឹងធ្នឹមផ្ទះស្លាប់បាត់ទៅហើយ ឮដូចនេះ គាត់បានឡើងទៅមើល ឃើញបែបនេះ ក៏ស្រែកប្រាប់បង ប្អូនអ្នកជិតខាង និងរាយការណ៍ជូនសមត្ថកិច្ច។

បន្ទាប់ពីទទួលបានពត៌មាន កម្លាំងជំនាញនៃអធិការដ្ឋាន នគរបាលស្រុកកោះធំ បានទទួលបញ្ជា ពីលោកអធិការ ដោយសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល អាជ្ញារធរមូលដ្ឋាន លោកគ្រូពេទ្យ ផ្នែកជំនាញ និងគ្រួសារជនរងគ្រោះ ដើម្បីធ្វើការពិនិត្យសាកសព។

ការពិនិត្យសាកសពជនរងគ្រោះ មានស្លាកស្នាមទ្រុឌជាំខ្មៅនៅករ ផ្នែកខាងមុខលើគ្រាប់ពោន ពីក្រោមទងត្រចៀកខាងស្តាំ ដល់ក្រោមទងត្រចៀកខាងឆ្វេង ក្រៅពីនេះ ពុំមានស្លាកស្នាម អ្វីផ្សេងគួរឲ្យកត់សម្គាល់ឡើយ។ ការសន្និដ្ឋាន របស់លោកគ្រូពេទ្យ និងផ្នែកជំនាញ ជនរងគ្រោះស្លាប់ដោយធ្វើអត្តឃាតចង.ក ពុំមានពាក់ព័ន្ធនិងករណីផ្សេងឡើយ។ ក្រោយពីពិនិត្យចប់សព្វគ្រប់ សាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់