ព័ត៌មានជាតិ

ករណីប៉ុនប៉ងឃាតកម្ម ប្អូនបង្កើតបាញ់បងខ្លួនឯង បណ្ដាលឲ្យរងរបួសធ្ងន់ នៅក្រុងតាខ្មៅ

កណ្តាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃអាទិត្យ ០៦កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ០៧:១០ នាទី មានករណីប៉ុនប៉ងឃាតកម្ម ក្នៅចំណុចផ្ទះជនសង្ស័យភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះ (បងបង្កើត)ឈ្មោះ ឆាយ សៀមមី ភេទប្រុស អាយុជាង ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងភ្លើង ទីលំនៅភូមិកាហេ ឃុំកាហេ ស្រុកកងមាស ខេត្តកំពង់ចាម ។
ជនសង្ស័យ០១នាក់៖ (ប្អូនបង្កើត)ឈ្មោះ ឆាយ សាលាភ ភេទ ប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅក្នុងភូមិសង្កាត់កើតហេតុ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន) ។

វត្ថុតាងចាប់យក៖
– អាវុធខ្លី១ដើមម៉ាក Lock 98 លេខ៖ 00080409236 បង់ ០១ និងគ្រាប់ចំនួន ១០ របស់ជនសង្ស័យ (មានប្រភព មិនច្បាស់) ។
– ម៉ូតូ Honda scoopy ពណ៌ឈាមជ្រូក ឆ្នាំ ២០១៨ ស្លាកលេខ ភ្នំពេញ 1HY-9941 ។
-ម៉ូតូ Yamaha Sirius ពណ៍ខ្មៅ ស្លាកលេខវៀតណាម ០១៩.៤០
-ទូរស័ព្ទម៉ាក Huwai ពណ៌ ខៀវ ចំនួន០១គ្រឿង
មុនពេលកើតហេតុ ជនសង្ស័យជាមនុស្សប្រើប្រាស់សារធាតុញៀន ហើយតែងតែ ឈ្លោះគ្នាជាមួយប្រពន្ធ រកស៊ីលក់ផលិតផលតាមអនឡាញ លុះមកដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៤ រសៀល ជនសង្ស័យបានឈ្លោះប្រកែកជាមួយប្រពន្ធរបស់ខ្លួន ពេលនោះជនរងគ្រោះ បានចូលទៅជួយសម្របសម្រួល ឲ្យឈប់ឈ្លោះគ្នា តែពេលនោះជនសង្ស័យបែរជាខឹងថា ជនរងគ្រោះចេះដឹងរឿងប្តីប្រពន្ធរបស់គេ ចង់បំបែកបំបាក់ប្តីប្រពន្ធគេ ។ លុះមកដល់វេលាម៉ោង ០៤ ទៀបភ្លឺ នាថ្ងៃកើតហេតុខាងលើជនសង្ស័យបានតេទូរស័ព្ទហៅជនរងគ្រោះពីខេត្តកំពង់ចាម ឲ្យឡើងមកជួបនៅផ្ទះរបស់ខ្លួននៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីនិយាយគ្នាបន្តិច ពេលនោះជនរងគ្រោះ បានជិះម៉ូតូឡើងមកជួបជនសង្ស័យតាមការណាត់ តែនៅពេលមកដល់មិនទាន់បាននិយាយអ្វីផង ក៏ត្រូវជនសង្ស័យដកកាំភ្លើងខ្លីម៉ាកឡុក បាញ់ជនរងគ្រោះត្រូវចំក្រោមក្លៀក ខាងស្តាំធ្លាយគ្រាប់ទៅក្រោយមានរបួសស្នាមយ៉ាងធ្ងន់ធ្ងរ ហើយជនសង្ស័យបាន រកបាញ់ ឪពុកក្មេក តែមិនផ្ទុះ និងប្រតាយប្រតប់គ្នា ជ្រុះកាំភ្លើងត្រូវឪពុកក្មេកយកបាន ជនសង្ស័យបាន គេចរួចឡើងជិះម៉ូតូ scoopy ពណ៌ឈាមជ្រូក ស្លាកលេខភ្នំពេញ 1HY-9941 ជិះឡើងមក តាខ្មៅ គេចខ្លួនសំដៅមកភ្នំពេញ ។
ករណីនេះ ដោយទទួលបានការបញ្ជាដឹកនាំ របស់លោក ឧត្តមសេនីយ៍ទោ ស្នងការ នគរបាលខេត្តកណ្ដាល កម្លាំងប៉ុស្តិ៍ កម្លាំងអធិការដ្ឋាន កម្លាំងការិយាល័យ ព្រហ្មទណ្ឌខេត្ត បានសហការស្រាវជ្រាវ រកជនសង្ស័យ ។
រហូតដល់ថ្ងៃទី២០.១២.២០២០ អនុវត្តតាមបញ្ជា ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាល ខេត្តកណ្តាល ដឹកនាំសម្របសម្រួល ពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាល ដោយមានការដឹកនាំផ្ទាល់ ពីលោកស្នងការរង ផែនការងារព្រហ្មទណ្ឌ និងកម្លាំងស្នងការដ្ឋាននគរបាល ខេត្តកណ្តាល កម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ កម្លាំងស្នងការដ្ឋាន នគរបាលខេត្តស្វាយរៀង ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ឆាយ សាលាភ នៅវេលាម៉ោង ០៦:១៥ នាទីថ្ងៃទី២០.១២.២០២០ នៅភូមិត្រពាំងត្រាច ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
បច្ចុប្បន្ន​ ជនសង្ស័យ ត្រូវ​បនបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីបន្តចាត់ការ តាមនីតិវិធី ៕

មតិយោបល់