ព័ត៌មានជាតិ

Update៖ ទើបតែអាយុ១ខួប ធ្លាក់ចូលប្រឡាយទឹកលង់ស្លាប់ ឪពុកជាអ្នករើសអេតចាយ ចំណែកម្តាយជាប់ពន្ធនាគារ

ភ្នំពេញ: កាលពីវេលាម៉ោង៨និង០០នាទីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ មានករណីក្មេងប្រុសអាយុ១ឆ្នាំ ខណ:ឪពុកដើររើសអេតចាយ ចំណែកម្តាយជាប់ពន្ធនាគារ ទុកកូនឲ្យនៅដេកផ្ទះ ស្រាប់តែរមៀលធ្លាក់ទឹកប្រឡាយ បណ្តាលឲ្យលង់ស្លាប់ ស្ថិតនៅតាមផ្លូវលេខ១០១ ក្រុម ៣១ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

សពក្មេងរងគ្រោះឈ្មោះ រិន ធារិទ្ធ អាយុ១ឆ្នាំ មានទីលំនៅ​កើតហេតុ ។ ឪពុកឈ្មោះ រិន ពិសិទ្ធ អាយុ៤១ឆ្នាំ មុខរបររើសអេតចាយ រីឯម្ដាយឈ្មោះរស់ ភា អាយុ៣៩ឆ្នាំ បច្ចុប្បន្នកំពុងជាប់ពន្ធនាគារក្នុងព្រៃស ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ ឪពុកក្មេងរងគ្រោះបានក្រោកតាំងពីម៉ោង២រំលងអធ្រាត្រ ដើម្បីដើររើសអេតចាយ ទុកឱ្យកូនដេកជាមួយបងប្អូន៣នាក់ទៀត លុះដល់ពេលត្រឡប់មកផ្ទះវិញ បាត់ក្មេងប្រុសរងគ្រោះ ក៏បានដើររក ស្រាប់តែប្រទះឃើញកូនធ្លាក់តាមប្រឡោះជញ្ជាំងផ្ទះទៅក្រោម ចូលក្នុងប្រឡាយទឹកស្អុយស្លាប់បាត់បង់ទៅហើយ បង្កការភ្ញាក់ផ្អើលដល់អ្នករស់នៅក្បែរនោះ និងបានរាយការណ៍ប្រាប់សមត្ថកិច្ច ។

ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម សមត្ថកិច្ចបានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើកោសល្យវិច័យរួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រឡាយ ប្រាកដមែន រួចប្រគល់សពក្មេងប្រុសរងគ្រោះឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់